បើទោះជាបច្ចុប្បន្នវ័យកាន់តែជ្រេរមានគ្រួសារស្វាមី និងកូន តែតារាសម្ដែងល្បីអ្នកនាង ឌុច លីដា ហាក់គ្មានការព្រួយបារម្ភពីការបាត់បង់ទីផ្សារសិល្បៈឡើយ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានសិល្បករថ្មីៗជាច្រើនរះឡើងបន្តបន្ទាប់ប្រកួតប្រជែងគ្នា ។

ថ្លែងជាមួយសារព័ត៌មាន តារាញូស៍ នាថ្ងៃសម្ភោធរឿង រសជាតិអ្នកមានវគ្គ៣ ឬវគ្គហេឡូអ្នកម៉ាក់ របស់ស្ថានីយទូរទស្សន៍PNN កាលពីពេលថ្មីៗ តារាស្រីដែលធ្លាប់សម្ដែងឈុតឆាកពិសេសៗក្នុងខ្សែភាពយន្ដល្បីៗអ្នកនាង ឌុច លីដា បានអះអាងថា ខ្លួនមិនដែលមានកូនចិត្តព្រួយបារម្ភខ្លាចបាត់បង់ទីផ្សារឡើយ បើទោះជាបច្ចុប្បន្នមានសិល្បករថ្មីៗជំនាន់ក្រោយច្រើន ដែលមានទេពកោសល្យ និងរូបសម្រស់ចូលលុកលុយទីផ្សារសិល្បៈកម្ពុជា ផ្ទុយទៅវិញនាងកាន់តែរំភើប នៅពេលបានឃើញអ្នកជំនាន់ក្រោយមានភាពក្លាហាន និងសមត្ថភាពខ្ពស់ ។

ដោយអ្នកនាង ឌុច លីដា និយាយថា៖ «ខ្ញុំកាន់តែសប្បាយចិត្ត ព្រោះឃើញថា នៅពេលដែលឃើញក្មេងៗជំនាន់ក្រោយគាត់ឡើងមកលឿន គាត់មានសមត្ថភាពខ្ពស់ ខ្ញុំកាន់តែសប្បាយចិត្ត ដើម្បីលើកស្ទួយសិល្បៈស្រុកខ្មែរឱ្យកាន់តែល្អ» ។

សូមរំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឌុច លីដា បានដកខ្លួនឃ្លាតឆ្ងាយពីអាជីពសម្ដែងមួយរយៈធំ ហើយខណៈពេលដែលស្ងប់ស្ងាត់នោះ ឌុច លីដា ធ្លាប់បង្កការភ្ញាក់ផ្អើលដោយការបង្ហាញមុខកូនទាំងមិនទាន់មានដំណឹងរៀបការ ។ ទន្ទឹមនឹងនោះមានការជជីកសួរជាច្រើននៅលើបណ្ដាញសង្គម ហើយតារាស្រីរូបនេះក៏ដាច់ចិត្តបង្ហាញមុខឪពុកកូនជាសាធារណៈ និងបណ្ដើរគ្នាចូលរួមកម្មវិធីអ្នកសិល្បៈជាហូរហែ ។ ទោះបីជាយ៉ាងណា តារារូបនេះអះអាងថា ពួកគេបានរៀបចំសែនព្រេនតាមប្រពៃណីមានការដឹងឮពីឪពុកម្ដាយញាតិមិត្តទាំងសងខាងរួចហើយ គ្រាន់តែមិនទាន់បានរៀបចំពិធីធំដុំនៅឡើយដោយអះអាងថា រង់ចាំដល់កូនធំបន្តិចសិន។

បន្ទាប់ពីនោះ អ្នកនាង ឌុច លីដា ក៏បានបន្តបង្ហាញមុខរបស់ខ្លួនលើវិថីសិល្បៈជាថ្មី ខណៈការបង្ហាញខ្លួនឡើងវិញនោះ នាងក៏បានបង្ហាញគោលជំហរយ៉ាងមុតមាំថា គ្មានការព្រួយបារម្ភខ្លាចបាត់បង់ទីផ្សារឡើយ។