កូនរបស់កំពូលមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានដាក់សំណើរទៅតុលាការរដ្ឋកាលីហ្វញ៉ានៃសហរដ្ឋអាមេរិក ស្នើតុលាការ ប្ដូរឈ្មោះ រួមទាំងស្នើសុំសំបុត្រកំណើតថ្មីដែលត្រូវជាមួយអត្តសញ្ញាណភេទថ្មីរបស់ខ្លួន។

កូនរបស់លោក Elon Musk ដែលជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោកមានទឹកប្រាក់រហូតដល់ទៅ២១៩ពាន់លានដុល្លារអាមេរិក បានដាក់ពាក្យស្នើសុំប្ដូរឈ្មោះដោយផ្អែកទៅតាមអត្តសញ្ញាណភេទថ្មី ហើយការប្ដូរឈ្មោះ ក៏ជាការកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកជាមហាសេដ្ឋីផងដែរ។

កូនរបស់លោក Elon Musk មានឈ្មោះដើមថា Xavier Alexander Musk និងមានភេទដើមជាប្រុស ។ កូននេះ ទើបគម្រប់អាយុ១៨ឆ្នាំកាលពីថ្មីៗ បានស្នើសុំសំបុត្រកំណើតថ្មី ដើម្បីឲ្យត្រូវជាមួយភេទថ្មីរបស់ខ្លួន និងមានការទទួលស្គាល់ពីការប្ដូរភេទពីភេទប្រុស មកជាភេទស្រីវិញ។

ឈ្មោះថ្មីដែល Xavier Alexander Musk បានស្នើសុំគឺមានឈ្មោះថា Vivian Jenna Wilson ដោយយកឈ្មោះតាមខាងម្ដាយរបស់នាងដែលមានឈ្មោះថា Justine Wilson ។

ចំណែកហេតុផលប្ដូរឈ្មោះនោះ Vivian Jenna Wilson លើកឡើងថា ក៏ព្រោះតែនាងលែងរស់នៅជាមួយឪពុកបង្កើត ហើយក៏មិនចង់មានទំនាក់ទំនងអ្វីជាមួយឪពុកបង្កើតរបស់នាងដែរ។

ពីមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក លោកElon Musk នៅមិនទាន់មានការអត្ថាធិប្បាយណាមួយឡើយលើបញ្ហានេះនៅឡើយទេ។ មហាសេដ្ឋីបច្ចេកវិទ្យាElon Musk មានភរិយា២នាក់ និងមានកូន៨នាក់។ ម្តាយរបស់នាង Xavier Alexander Musk បានលែងលះគ្នាជាមួយមហាសេដ្ឋី Elon Musk កាលពីឆ្នាំ២០០៨។