នៅមួយរយៈចុងក្រោយនេះ គេឃើញមានគណនីហ្វេសប៊ុកមួយចំនួនបានយករូបភាព និងឈ្មោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត។ ក្នុងនោះមានការប្រើប្រាស់ឈ្មោះរបស់ម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះទៅចាប់រង្វាន់ជាទឹកប្រាក់ចំនួន៥,០០០ដុល្លារអាមេរិកនៅលើបណ្ដាញសង្គម។

ការធ្វើបែបនេះពីក្រុមបុគ្គលទុច្ចរិត ទំនងមកពីពួកគេមើលឃើញថា អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា រូបនេះមានចិត្តធម៌ តែងតែចែករំលែកដល់អ្នកខ្សត់ខ្សោយ និងចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលនូវទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក និងធ្វើឡើងជាញឹកញាប់ផងដែរ។ ដូច្នេះការដាក់ឈ្មោះ និងរូបរបស់អ្នកឧកញ៉ារូបនេះ ប្រហែលនឹងមានការជឿទុកចិត្តចំពោះអំពោះបោកប្រាស់របស់ពួកគេ។

ទោះបីជាយ៉ាងណា ដំណឹងបានលេចឮភ្លាមៗដល់សាមីខ្លួន គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយនៅមុននេះបន្តិចអ្នកឧកញ៉ាចិត្តធម៌ខាងលើបានជំរាបជួនដំណឹងដ៏ក្តៅគគុកមួយនេះ ជួនទៅដល់បងប្អួនអ្នកប្រើប្រាស់បណ្តាញសង្គមកុំឲ្យមនាការចាញ់បោកជនឆបោកទាំងនោះ។ ដោយអ្នកឧកញ៉ាមិនបានបង្កើតកម្មវិធីចែក ឬចាប់រង្វាន់អ្វីនោះទេ សូមមហាជនកុំមានការភាន់ច្រឡំ ឬចាញ់បោកឧបាយកលនេះឲ្យសោះ។

នៅលើផេកផ្លូវការរបស់ខ្លួន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ថា ថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំឈ្មោះអ្នកឧកញ៉ា ទៅបង្តើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះថា Joleng Navatra44 បង្កើតកម្មវិធីចាប់រង្វាន់។ អ្នកឧកញ៉ាម្ចាស់ផលិតកម្ម Galaxy បានអះអាងយ៉ាងដូច្នេះថា៖ “គោរព ជំរាបសួរ បងប្អូនទាំងអស់ ផេកផ្លូវការរបស់ខ្ញុំបាទ គឺមានតែមួយនេះទេ បើមានករណីលេងល្បែងចាប់យករង្វាន់ឬ អំពើទុច្ចរិតផ្សេងៗដែលដាក់រូបខ្ញុំបាទ សូមមិនទទួលខុសត្រូវឡើយ សូមបងប្អូនទទួលជ្រាបជាដំណឹងសូមអរគុណ”។

គូបញ្ជាក់ដែរថា នៅមួយរយៈចុងក្រោយនេះ មិនត្រឹតែមានអ្នកឧកញា ឡេង ណាវ៉ាត្រា ទេដែលបានជួបនៅបញ្ហានេះ។ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានរច្រើនរូបភាព និងមានមនុស្សជាច្រើនហើយបានក្លាយជាជនរងគ្រោះដោយមិនខដឹងខ្លួន។ ក្នុងនោះក៏មានបុគ្គលល្បីៗ និងតារាសិល្បៈមួយជាច្រើនហើយ ដែលត្រូវបានគេយករូបថត និងឈ្មោះទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ ឆបោកលុយកាក់ជាច្រើន ហើយនេះជារូបភាពដែលកំពុងពេញនិយម ខណៈកន្លងមកមានច្រើនតែតាមទូរសព្ទប៉ុណ្ណោះ។

ជាក់ស្តែងដូចជា កររណីតារាសម្ដែង លោក សន ពិសិដ្ឋ ជាដើមក៏ត្រូវបានបុគលម្នាក់ លូចយករូបថតរបស់លោកទៅបង្តើតហ្វេសប៊ុក ក្លែងក្លាយ ឆាត់ទៅបោកប្រាស់លុយនារីម្នាក់អស់ចំនួន ១៥,០០០ ដុល្លារ ។ ដោយតារាសម្តែង សូ ដានីតា ដោយមានជនខិលខូច ដើរឆាតទៅទារលុយគេឯងគ្រប់គ្នា តែពុំមានជនរងគ្រោះណាម្នាក់នោះទេ ដោយសារសាមីខ្លួនអ្នកនាង សូ ដានីតា និងភាគីម្ខាងទៀតដឹងខ្លួនទាន់ពេល។
សង្ឃឹមថា ករណីឈ្មោះ និងរូបថតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានជនខិលខូចយកទៅប្រើនេះ នឹងមិនបង្កើតឲ្យមានជនរងគ្រោះនោះទេ ព្រោះសាមីខ្លូនបានចេញមកបញ្ជាក់ច្បាស់ហើយថា អ្នកឧកញ៉ាមិនបានធ្វើរឿងបែបនោះទេ៕