ភ្នំពេញ៖ តារាសម្ដែង ចន ច័ន្ទលក្ខិណា ដែលមានមុខងារជាប្រធានសមាគមសិល្បករខ្មែរបានប្រកាសថា នឹងធ្វើបុណ្យរួមគ្នាជាមួយនិង តារាសម្តែង និងជាពិធីករ ប៉ែន ចំរ៉ុង ដើម្បីជួយដល់ការសាងសង់ព្រះវិហារ ស្ថិតក្នុងទីអារាមដ៏កម្សត់មួយនៅទីជនបទនៃទឹកដីខេត្តបាត់ដំបង ដែលជាខេត្តកំណើតលោក ប៉ែន ចំរ៉ុង ។ បង្ហាញការផ្សព្វផ្សាយដោយទឹកចិត្តដ៏ជ្រះថ្លា នៅក្នុងផេកសមាគមសិល្បករខ្មែរ ភ្ជាប់នឹងគំនូរប្លង់ព្រះវិហារ រួមនឹងសំបុត្រអំពាវនាវពុទ្ធបរិស័ទ្ធចូលរួមបុណ្យបញ្ចុះបឋមសិលា នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧នេះ ។

ក្នុងផេកនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ដ៏មានប្រជាប្រិយភាព ក៏បានអំពាវនាវយ៉ាងដូច្នេះថា«វត្តនេះក្រណាស់ ទើបតែចាក់គ្រឹះ ហើយខ្វះថវិការនិងសម្ភារៈសំណង់ជាច្រើនសម្រាប់ការសាងសង់វិហារ និងបុណ្យបញ្ចុះបឋមសិលា»។ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមពីជំហរ ក្នុងនាមខ្ញុំជំនួសមុខឲ្យ ចំរ៉ុង និង គិតថាយើងចង់ភ្ជាប់និស្ស័យបុណ្យរួមគ្នាជាមួយសមាជិកយើង»។ អ្នកនាងក៏អះអាងទៀតថា «ខ្ញុំគិតថាជួយគ្នាតាមសទ្ធារៀងៗខ្លួន ទោះតិចក្តីច្រើនក្តី គិតថាយើងបានចាប់និស្ស័យធ្វើបុណ្យរួមគ្នា។ដូចនេះបើសិនជាមានសប្បុរសជនដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងវត្តដែលកំពុងខ្វះខាតអាចជួយគ្នាតាមសទ្ធារៀងៗខ្លួនបាន»។