ភ្នំពេញ៖ នៅលើគណនីយហ្វេសប៊ុក កវី សុខ ជំនោរ ដែលទើបនឹងរៀបការថ្មោងថ្មីលោកបានបង្ហោះសារបង្ហាញពីអត្ថន័យនៃបទចម្រៀងថ្មី ដែលជាស្នាដៃតែងនិពន្ធ ជាពិសេសសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយ និងនារីបុគ្គលិកធនាគារូបស្រស់ ឈ្មោះ ស្រី សុរង្សី ។ ក្នុងសារនោះ កវី សុខ ជំនោរបង្ហាញថា« 3 ម៉ឺនថ្ងៃ (ជំនោរសុរង្សី) ឆ្លងកាត់ការនិពន្ធចម្រៀងខ្ទង់ពាន់បទ បទ ៣ម៉ឺនថ្ងៃ គឺជាបទមួយដែលបងផ្ចិតផ្វង់និងអំណត់ជាទីបំផុតក្នុងការនិពន្ធសម្រាប់អូនក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់យើង។ ៣ម៉ឺនថ្ងៃ គឺជាពាក្យដែលអូនតែងនិយាយ ដែលត្រឹមប្រាថ្នារស់នៅជាមួយគ្នាត្រឹម៣ម៉ឺនថ្ងៃក្រោយយើងការរួច ហើយវាបានក្លាយជាចំណងជើងបទចម្រៀង ដែលអូនទើបបានស្តាប់ដំបូងបំផុតនៅពេលយើងដើរទៅកាន់ឆាកតន្ត្រី។ អូនមិនបានដឹងជាមុនថា បងរៀបចំឡើងសម្រាប់Surpriseអូននោះទេ។ ពាក្យពេចន៍នៅក្នុងបទចម្រៀងសុទ្ធសឹងជាពាក្យសំដីរបស់អូន ដែលបងប្រមូលមកជាច្រើនខែឆ្នាំ ហើយតម្រៀបឲ្យមានរបៀបជាទំនុកច្រៀង។»។

ក្នុងសារដដែលនោះលោកបានបន្តពីការចាប់ផ្ដើមនិពន្ធរហូតមកដល់ពេលនេះថា«មានលុយពិតជាអាចធ្វើអ្វីៗគ្រប់យ៉ាងបានមែន ដូចដែលគេធ្លាប់ជួលឲ្យបងនិពន្ធកន្លងមក តែបទចម្រៀងមួយបទនេះខុសពីបទដទៃថា វាមិនបានកើតពីការប្រើទឹកលុយ។ យើងអត់ដូចគ្នា គឺអត់ចេះលោភលន់ រឺចង់បាន រឺសំឡឹងឃើញរបស់គេ ដូចអូនតែងនិយាយចឹងថា ការចង់បានរបស់អ្នកដទៃ មិនមែនជាBusinessរបស់អូន យើងមានដូចគ្នា គឺយើងមានម៉ែឪដែលស្រឡាញ់និងឲ្យពរយើងពិតប្រាកដ ដែលមិនចេះមើលបំណាំកូនចៅ ផ្តល់ឲ្យកូនចៅនូវក្តីញញឹមនិងពរជ័យ ជាពិសេសមិនចង់បានរបស់កូន»។