ភ្នំពេញ៖ លោក សុខ ដែន ងារតារាក្បាច់គុនប្រយុទ្ធមិនរាឈុតមរណៈ បានបកស្រាយ រូបថតថើបជញ្ជក់មាត់ស្រីស្អាត អាង សូនីតា នោះមិនមែនជាឈុតឆាកស្នេហាក្រៅឆាកទេ វាគឺជាការសម្តែង MV ក្នុងបទចម្រៀង”មន្តគាថាស្នេហ៍” ។
លោក សុខ ដែន បានលើកឡើងថា ដោយសារតែទីផ្សារសម្ដែង មិនសូវជាកាក់កបអ៊ីចឹងហើយទើបខ្ញុំងាកមកខំធ្វើបទចម្រៀងខ្លះៗ ក្រែងមានទីផ្សារ ហើយកន្លងមានបទចម្រៀងផ្ទាល់ខ្លួន៤ ទៅ៥បទហើយ ដែលបានថតនឹងចាក់ផ្សាយក្នុងបណ្តាញសង្គម។
ទន្ទឹមនោះលោក សុខ ដែន ក៏អះអាងទៀតថា « ក្រៅពីធ្វើចម្រៀងផ្ទាល់ ក៏ព្យាយាមផលិតរឿងកំប្លែងខ្លីៗបានមួយចំនួនផងដែរ។
តារាវ័យ ៣៥ឆ្នាំរូបនេះ បានថ្លែងថា MV ១បទខាងលើនេះ ប្រសិនបើថតឲ្យមានគុណភាពដូចផលិតកម្មក្នុងស្រុក ត្រូវចំណាយប្រាក់មិនក្រោម១ពាន់ដុល្លារទេ ប៉ុន្តែដោយមានមិត្តភ័ក្ដិ ព្រមនឹងកញ្ញា អាង សូនីតា ក៏មកថតមិនគិតថ្លៃនោះ យើងចំណាយអស់ត្រឹមតែជាង១០០ ដុល្លារលើអាហារប៉ុណ្ណោះ។
