ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតារាសម្ដែងទឹកភ្នែកដ៏ល្បីល្បាញ កញ្ញា នី មុន្នីនាថ ពុំបានចូលបំភ្លឺចំពោះមុខលោក អ៊ុក វណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់នោះទេ ដែលពាក់ព័ន្ធនឹងបណ្តឹងទាមទារប្រាក់ ១២ម៉ឺនដុល្លារអាមេរិក ពីសំណាក់អតីតគូដណ្ដឹង លោក អ៊ូង សូឡាក្នុងបទឆបោកនិងរំលោភទំនុកចិត្ត។ គួបញ្ជាក់ផងដែរថាទោះបីតារាទឹកភ្នែករូបនេះមិនបានចូលបំភ្លឺរឿងក្ដីក៏ដោយក៏នៅមាន លោក មេធាវីការពារកូនក្តី លោក រ៉ូ ប៊ីនណៃ បានចូលបំភ្លឺជំនួស ក្នុងករណីនេះចៅក្រម នឹងឱ្យដើមចោទនិងចុងចម្លើយ ដាក់ភស្តុតាំងផ្សេងៗដែលពួកគាត់មាន។

ក្នុងពាក្យបណ្ដឹងនេះមេធាវីដើមចោទបានអះអាងថា«នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយ បានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រនិងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឱ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ»៕