ភ្នំពេញ៖ តារាកំប្លែងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម ហាក់ទទួលស្គាល់កំហុសឆ្គងរបស់ លោក ចំពោះការដែលភរិយាដើម អ្នកស្រី វង្ស ឡុងមុន្នី បានចេញមុខបកអាក្រាតរឿងលោកលួចលាក់ស្នេហាជាមួយតារាកំប្លែងក្នុងក្រុម នាង គង់ ច័ន្ទសីណា ហៅ នាង លាភ ដែលពេលនេះមានផ្ទៃពោះកូនភ្លោះ៥ខែ ។
អ្នកស្រីវង្ស ឡុងមុន្នី ដែលត្រូវបានអ្នកសិល្បៈជាច្រើនថា អ្នកស្រីតែងបង្ហូរទឹកភ្នែកម្នាក់ឯង ព្រោះតែពិបាកចិត្ត ពេលដែលប្តីទៅមានស្នេហាជាមួយស្រីលាភ នោះ ពេលខ្លះភរិយាដើមនាយក្រឹមរូបនេះ មានតែទូរស័ព្ទរៀបរាប់ប្រាប់នាយ ចាបចៀន ទាំងអួលដើមកររឿងស្នេហាត្រីកោណ ដែលប្តីនាងជាបុរសខ្លួនមួយជិះទូកពីរនេះ ។
ពេលនេះអ្នកស្រី ឡុងមុន្នី លែងទុកមុខមាត់ឲ្យប្តីនាយ ក្រឹម និងស្រីលាភ ទៀតហើយ គឺសម្រេចដាក់ពាក្យប្តឹង ទៅតុលាការតែម្តង ដើម្បីឲ្យពួកគេបានភ្លឺភ្នែករឿងមានស្នេហាជាមួយគ្នានេះ ដែលរឿងនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនតិចឡើយ ហើយអ្នកខ្លះមានចម្ងល់ថា ហេតុអ្វីស្រីលាភយកប្តីគេ ធ្វើឲ្យប្រពន្ធដើមរងទឹកភ្នែកបែបនេះ។
ប៉ុន្តែយ៉ាងណា នាយ ក្រឹម មិនបានបកស្រាយអ្វីវែងឆ្ងាយនោះទេ ចំពោះព័ត៌មានផ្ទុះឡើងក្នុងរង្វង់ស្នេហ៍ត្រីកោណ ដែលកំពុងល្បីធ្វើឲ្យប្រពន្ធដើមរងទឹកភ្នែកនោះ ។ដោយលោក អះអាងខ្លះថា រូបខ្ញុំនៅតែជាប្តីនឹងជាឪពុកដ៏ល្អដដែល មិនដែលសប្បាយភ្លេចប្រពន្ធកូនឡើយ។
នាយ ក្រឹម បានពោលថា ធម្មតា ប្តីមានស្រីប្រពន្ធណាទៅសប្បាយចិត្តទៅ ។ រឿងនេះខ្ញុំដឹងហើយថា តាមផ្លូវច្បាប់គឺខ្ញុំខុស ព្រោះខ្ញុំនឹងប្រពន្ធដើមមិនបានលែងលះគ្នាទេ ។នាយ ក្រឹមពោលទៀតថា បើគាត់ប្តឹងខ្ញុំឡើងតុលាការខ្ញុំក៏មិនដឹងថា ម៉េចដែរ។ តែចិត្តខ្ញុំមិនដែលចង់បែកពីប្រពន្ធដើមដែរ ហើយដូចខ្ញុំអះអាងចឹង ខ្ញុំនៅតែបំពេញតួនាទីធ្វើប្តីនិងជាឪពុកកូនដ៏ល្អដដែល។
