ហូឡង់៖ នៅពេលនេះ អាជ្ញាធរ​ប្រទេស​ហូឡង់ ​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​មួយ​ទៅ​ក្នុង​ករណី ការស្លាប់របស់ឧក្រិដ្ឋជន​សង្គ្រាម​ប៊ូស្នី​ក្រូអាត ដែលបានផឹកថ្នាំពុលសម្រាប់​ខ្លួនកាលពីម្សិលមិញថ្ងៃទី៣០ វិច្ឆិកា នៅ​ក្នុង​បន្ទប់​សវនាការ ក្រោយ​ពី​ក្រុម​ចៅក្រម​អង្គការ​សហ​ប្រជាជាតិ បាន​សម្រេច​រក្សា​សាល​ក្រម​ដាក់​ទោស​រូប​លោក​ឲ្យ​គុក ២០​ឆ្នាំ។

ឧក្រិដ្ឋជន​សង្គ្រាមដែលបានសម្លាប់ខ្លួន​រូប​នេះ ត្រូវបានគេស្គាល់ថា លោក ស្លូបូដាន ប្រាលចាក អាយុ ៧២​ឆ្នាំ ជាអតីត​មេបញ្ជាការ​យោធា​ក្រូអាត​បូស្នី បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​លោក​ផឹក​ទឹក​ក្នុង​ដប​ខ្មៅ​មួយ នៅ​ឯ​សវនការ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​សម្រាប់​កាត់​ក្ដី​អតីត​របប​ដឹកនាំ​យូកូស្លាវី ។