ភ្នំពេញ៖ តារាកំប្លែងជើងចាស់ពីរដូង នាយ ចាប ចៀន និង នាយ កុយ បានរួមគ្នាប្រកាស រកអ្នកស្នងមរតកសិល្បៈផ្នែកកំប្លែង។ ខណៈលោក ហេង ឡុង ក៏បានបង្ហើបថា ការប្រកាសរបស់កំពូលតារាកំប្លែងពីរដូង នឹងរួមគ្នាបង្កើតកម្មវិធីប្រលងជើងរើសអ្នកកំប្លែង ប្រចាំទូរទស្សន៍សិល្បៈអនឡាញ។
លោក ហេង ឡុង បានអះអាងថា ការដែលយើងធ្វើនេះដើម្បីគាំទ្រ ក៏ដូចជាចេតនាជម្រុញឲ្យវិស័យសិល្បៈផ្នែកកំប្លែងរីកចម្រើន និងមានអ្នកបន្តវេន។ ក៏រំភើបដែរ ដែលបានតារាកំប្លែងល្បីៗដូចជាពូ កុយ លោក ពូ ចាប ចៀន ហើយគាត់គាំទ្រគំនិតនេះ ទើបពួកយើង សរសេរប្រកាសផ្សព្វផ្សាយជ្រើសរើសរកសិស្សកំប្លែង »។
បើទោះយ៉ាងណា កាលកំណត់បើកកម្មវិថីប្រលងនៅមិនទាន់បានកំណត់ពេលវេលានោះទេ ប៉ុន្តែលោក ហេង ឡុង ប្រាប់ថា «វាជាគំនិតទើបនឹងចាប់ផ្តើមក្នុងពេលខ្លី តែយើងនិងពន្លឿន គំនិតសិល្បៈដ៏ល្អនេះឲ្យវាលេចឡើងក្នុងពេលឆាប់ៗ ខណៈកម្មវិធីនេះយើងនឹងប្រលងជ្រើសរើសអ្នកមានសមត្ថភាពកំប្លែងប្រចាំទូរទស្សន៍សិល្បៈអនឡាញ»។ បន្ថែមនោះលោក ហេង ឡុង ប្រាប់ថា«ចំណែកលក្ខខណ្ឌជ្រើសរើស បេក្ខជនអាយុពី១៨ឆ្នាំ ឡើងទៅ២៥ឆ្នាំ ។
អ្នកដែលមានចំណាប់អារម្មណ៍ចងក្លាយជាអ្នកកំប្លែងត ទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៩៩០ ៣៣២៕
