ភ្នំពេញ៖ លោកអ្នកធ្លាប់បានទស្សនារួចមកហើយ រឿងបែបព្រេងនិទាន “ពស់កេងកង” ដែលរំលេចឡើងនូវរឿ​ងរ៉ាវស្នេហាមនុស្សនិងសត្វពស់ ។ ជាថ្មីម្តងទៀត អ្នកនិពន្ធដ៏ល្បី លោក ហ្វៃ សំអាង នឹងនាំយកស្នាដៃថ្មីសន្លាងរបស់​លោ​ក គ្រោងនឹងចាក់លើកញ្ចក់ទូរទស្សន៍ ហង្សមាស នាពេលឆាប់ៗខាងមុខនូវរឿងភាគខ្មែរដែលរៀបរាប់ពីស​ន្តា​ន​ពស់បង្កាត់ភ្លើងស្នេហ៍ជាមួយមនុស្ស គឺរឿង “កូនពស់កេងកង” ។ជុំវិញស្នាដៃថ្មីនេះ លោក ហ្វៃ សំអាង បានប្រា​ប់​ថា “រឿងនេះ ខ្ញុំបាននិពន្ធ និងកំពុងតែដឹកនាំថត ដែលមានការលំបាកច្រើនណាស់ដែរ ប៉ុន្តែខ្ញុំសូមសរសើរតួទាំងអស់ដែលព្យាយាម ទាំងកំលាំងកាយ និងកំលាំងចិត្តក្នុងការ​ថត​រឿងនេះ ហើយខ្ញុំនៅតែកើតសរសើរកុមារី ដើរតួកូនពស់កេងកងនោះ នាងមានការព្យាយាម និងអំណត់ណាស់” ។ ​

ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានកោតសរសើរសមត្ថភាពកុមារីម្នា​ក់​នោះដែរថា “ភាពក្លាហានណាស់កូន” ខណៈដែលកន្លងមកតារាសម្តែងរូបនេះ តែងតែសរសើរស្នាដៃនិពន្ធលោក ហ្វៃ សំអាង ជារឿយៗ» ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងពីសំណាក់អ្នកនិពន្ធ ហ្វៃ សំអាង មជ្ឈដ្ឋានទូទៅសង្ឃឹមថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនទូទៅ ៕