ភ្នំពេញ៖ ក្រោយរៀបចំពិធីសែនព្រែនជាប្តីប្រពន្ធស្ងាត់ៗ កាលពីប៉ុន្មានខែមុន ពេលនេះតារាកំប្លែង ស្រេង សុកាន់ដា ហៅ នាងខ្ញុង កំពុងរួមរស់យ៉ាងមានសុភមង្គលជាមួយ នាយ កៃដ ស្វាមីក្រោយរបស់នាង ហើយនាងមិនទាន់មានគម្រោងយកបុត្រទេ ប៉ុន្តែថ្មីៗនេះ បែរជានាង ខ្ញុង បានបង្ហោះសារជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុកថា “ខ្ញុំ និងប្តីកំពុងត្រៀមខ្លួនទទួលយកសមាជិកថ្មី” ។

តារាកំប្លែងសម្តីចាក់ទឹកមិនលេចនាង ខ្ញុង បានរៀបរាប់បន្តថា “ពេល​នេះ​ខ្ញុំ​ត្រូវ​កាត់​បន្ថយការ​ចំណាយ​ ក្នុង​ការ​ដើរ​លេង​ទិញសម្លៀក​បំពាក់​ ​របស់​ប្រើ​ប្រាស់​ ​ហើយ​ក៏​ត្រៀម​ទទួល​យកនូវ​សមាជិក​បន្ថែម​ទៀត​ដែរ ​ព្រោះ​សម័យ​នេះ​បើ​គ្មាន​លុយ ស្អី​ក៏​គ្មាន​ដែរ​ សូម្បីតែ​សុភមង្គល​គ្រួសារ” ។ យ៉ាងណាមិញ តាមរយៈការឆ្លើយតាមខមមិនជាមួយអ្នកគាំទ្ររបស់ចៅកែសាច់ក្រក នាង ខ្ញុង បានបញ្ជាក់ថា ពេលនេះនាងមិនទាន់មានផ្ទៃពោះនៅឡើយទេ ប៉ុន្ដែគ្រាន់តែត្រៀមកាត់បន្ថយចំណាយឱ្យហើយ ដើម្បីចាំទទួលយកសមាជិកថ្មីដែលជាតំណក់ឈាមរួមគ្នារវាងនាង ស្វាមីក្រោយ នាយ កៃដ ប៉ុណ្ណោះ ៕