ភ្នំពេញ៖ អាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងស្រី​ កញ្ញា សុគន្ធ និសា កាលពីថ្ងៃ ០១ ធ្នូ ២០១៧ មានការចូលរួមអបអរយ៉ាងកុះករពីសំណាក់តារាល្បីៗ និងមិត្តៗ ក្នុងនោះអ្វីដែលកាន់តែពិសេសនោះគឺ  ការបង្ហាញវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការចូលរួមអបអរថ្ងៃមង្គល ជាហេតុធ្វើឲ្យ សុគន្ធ និសា មានភាពរំភើបចិត្តជាខ្លាំង។

ក្រោយដកខ្លួនពីរវល់ក្នុងពិធីបានភ្លាម អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះសារបង្ហាញចិត្តរំភើប និងថ្លែងអំណរគុណជាខ្លាំង។ អ្នកនាងបានរៀបរាប់ទាំងសប្បាយចិត្តថា៖ «ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្អូនដែលបានទទួលការរាប់អានដ៏ខ្ពង់ខ្ពស់ និងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំទាំងបី នៃវត្តមានដ៏ឧត្តុង្គឧត្តមរបស់បងប្រុស ឯកឧត្តម ហ៊ុន ម៉ាណែត បើទោះជាលោកមានការរវល់យ៉ាងមមាញឹកសម្រាប់បុព្វហេតុជាតិ ប៉ុន្តែនៅតែឆ្លៀតផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ សម្រាប់ជាកិត្តិយសដល់ប្អូន ព្រមទាំងបងប្រុសបងស្រី ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ញើជាចំណងដៃ ប្រកបដោយប្រសិទ្ធិពរជ័យ ដល់ក្រុមគ្រួសារប្អូនទាំងពីរ ក៏ព្រោះលោកទាំងពីរជាប់រវល់បេសកកម្មជាតិ មិនបានផ្តល់វត្តមានក្នុងកម្មវិធីរបស់ប្អូន។ ប្អូនពិតជាមានកិត្តយស និងរំភើបរកអ្វីមកលើកសរសើរនូវទឹកចិត្តរបស់លោកទាំងបីឲ្យស្មើរបាន មានតែពាក្យអរគុណជាអនេកកប្បកា និងសូមជូនពរឲ្យលោកទាំងបីជួបប្រទះតែជោគជ័យ សុខដុមរមនា ក្នុងក្រុមគ្រួសារ ឈ្នះអស់មាសត្រូវ ដើម្បីនាំជោគជ័យ សុខដុមរមនាមកដល់ជាតិយើងតទៅមុខទៀត»៕