ភ្នំពេញ៖ តារាស្រីសម្តីញ៉ែតៗ និងមានវ៉ូលីមខ្ពស់ពេលសម្តែងម្តងៗ វ័យ ៣២ ឆ្នាំ មានរាសីឡើងខ្ពស់ត្រដែត ដោយទើបតែទទួលបានទាំងផ្ទះទ្រនំថ្មី និងអនាគតស្វាមីទី ២ នោះបានសរសេរសារថា៖ «គ្មានអីនិយាយទេឲ្យម៉ាក់សុំទោស ព្រោះគ្មានដំណោះស្រាយ ប្រហែលប៉ាឯងគេមិនទទួលស្គាល់ឯងហើយ ទើបម្តាយឯងបង្ខំចិត្តធ្វើបែបនេះ មហាស្រណោះ។ គ្មានអីនិយាយទេឲ្យម៉ាក់សុំទោស ព្រោះគ្មានដំណោះស្រាយ»។
សារនោះត្រូវបាន តារាកំប្លែង ដែលបានហក់ចូលវិស័យសិល្បៈកំប្លែង និងផុសភាពល្បីជាមួយនឹងដៃគូសម្តែងប្រុសដ៏ស័ក្តិសមឥតទាស់គឺនាយ ពែកមី តាំងពីឆ្នាំ ២០០៩ នោះមក ក៏ត្រូវប្រិយមិត្តជាអ្នកគាំទ្រនាង ខ្ញុង បានចូលទៅ Comments សួរនាំរកមូលហេតុពាក់ព័ន្ធនឹងសារភ្លាមតែម្តង។
ឃើញមានអ្នកខ្លះសួរត្រង់ៗថា៖ «តើបងមានជាមួយនឹងបងកៃដ ដែលជាអនាគតស្វាមីទី ២ មែនទេ?» និងសារខ្លះបានបង្ហើរអារម្មណ៍អាណិតអាសូរចង់ដឹងពីមូលហេតុពិតថា៖ «មើលហើយក៏ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន តើបងស្រីមានរឿងអ្វីហ្នឹង?»។
តែគេក៏ទទួលបាននូវសាររបស់អ្នកនាង ខ្ញុង តបឆ្លើយជាមួយនឹងប្រិយមិត្តខ្លួនខ្លះដែរថា៖ «ឃើញគេផូស្តចេះតែសរសេរលេងទៅ ហើយក៏ចង់ឲ្យគ្រប់គ្នាបានអានវា» និងសារបែបបដិសេធថាមិនមែនជាកូនខ្លួនឯងដែរថា៖ «អូយ! អត់ទេ!»។
