ភ្នំពេញ៖ ក្នុងវ័យ៧៥ឆ្នាំ លោក តា អ៊ិន សារុន ដែលមានងារលើជំនាញសិល្បៈបុរាណ ព្រឹទ្ធាចារ្យចាប៉ីដងវែង រស់នៅក្នុងជីវភាពដ៏ខ្សត់ខ្សោយលើទឹកដីកំណើតស្រុករមាសហែក ខេត្តស្វាយរៀង ។ នៅព្រឹកថ្ងៃទី៦ខែធ្នូនោះក៏ត្រូវបានក្រុមសិល្បៈ ចំណុចនៃទឹកដីខេត្តកំណើតរបស់លោក ព្រឹទ្ធាចារ្យ ជូនដំណឹងមកសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមថា ពេលនេះលោកព្រឹទ្ធាចារ្យកំពុងធ្លាក់ខ្លួនឈឺជាទម្ងង់ ក្នុងវ័យជរារបស់លោក។

ក្នុងសារជូនដំណឹង ដែលបញ្ជូនមកពីគណនីហ្វេសប៊ុកតារាកំប្លែងនាយ ត្បាល មកសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមបានបង្ហាញយ៉ាងថា«ជំរាបជួន បងឡុង បងមុំ លោកតាអ៊ិន សារុន អ្នកចាបីដងវែងនៅខេត្តស្វាយរៀងកំពុងធ្លាក់ខ្លួនឈឺ. លេខគាត់095775052»។ ឆ្លើយតបនឹងសារជូនដំណឹងនេះ លោក ហេង ឡុង បានប្រាប់ សមាគមនិងចាត់ចែងបញ្ជូនអំណោយមូលនិធិចាស់ជរាជូនលោក តា និងសួរសុខទុក្ខលោក តែពេលនេះវេលានៅមិនទាន់បានកំណត»។

គួរបញ្ជាក់ លោកតា អ៊ិន សារុន ជាកូនសិស្សលោកតា ពូថៅដៃ ក្នុងអំឡុងឆ្នាំ១៩៦០។លោកធ្លាប់បានប្រលងចាប៉ីនៅសម័យសង្គមរាស្ត្រនិយម ទទួលបានចំណាត់ថ្នាក់ជាតិជាប់លេខ២ និងជំនាន់ក្រោយមកទៀតក្នុងកម្មវិធីដដែលប្រឡងជាប់លេខ១។ លោកមានបងប្អូន៦នាក់ និងជាកូនទី៥ក្នុងគ្រួសារ ក្រៅពីច្រៀងចាប៉ីលោកចេះច្រៀងអាយ៉ៃផងដែរ។