ភ្នំពេញ៖ មហោស្រពភាពយន្តជាតិលើកទី៥ បានត្រលប់មកវិញហើយ ជាមួយនឹងខ្សែភាពយន្តខ្មែរល្បីជាច្រើន មានទាំងភាពយន្តដែលបានឈ្នះពានពីបរទេសផងដែរ បានបើកឲ្យចូលរួមទស្សនាដោយសេរី។ ក្នុងកម្មវិធីនោះ មានការចូលរួមគាំទ្រស្នាដៃខ្សែភាពយន្តខ្មែរ ពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ជាច្រើនដួង ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃ ទី១០ខែធ្នូ ឆ្នាំ២០១៧ នេះនឹងមានការចាក់ផ្សាយឡើងវិញនូវភាពយន្ត ខ្មែរល្បីៗ ហើយ អ្នកទាំងអស់គ្នាអាចរួមទស្សនា ភាពយន្តចំនួន៨ រឿង ដោយសេរី នៅគ្រប់រោងភាពយន្ត រួមមាន រោងភាពយន្ត Major Platinium Cineplex ផ្សារ Aeon, រោងភាពយន្ត Legend Cinema ផ្សារទំនើប City Mall, រោងភាពយន្ត Prime Cineplex ផ្សារទំនើបសុវណ្ណា និងរោងភាពយន្តទំនើបនៅក្នុងរាជធានីភ្នំពេញ ។
ចំណែកឯភាពយន្តទាំង ៨នោះ រួមមាន ទី១ រឿង ទឹកចិត្តម្តាយសម័យថ្មី, ទី២ រឿង ស៊ុបភើរមាំ, ទី៣ រឿង វិកលចរិត, ទី៤ រឿង តម្លៃស្នេហ៍, ទី៥ រឿង មុនពេលដួលរលំ, ទី៦ រឿង ការពារឧក្រិដ្ឋជន, ទី៧ រឿង អ្នកនាងម្ចាស់ឡឺកឺ, និង ទី៨ រឿង ខូចចិត្តអាជីព ៕
