ភ្នំពេញ៖ ក្នុងវ័យជាង២០ឆ្នាំ យុវវតី ចាន់ នីកា ដែលទើបនឹងជះពន្លឺលើវិថីសិល្បៈបានកន្លះឆ្នាំ ពីឱកាសក្តាបបានការសម្តែងភាពយន្តរឿង «វេទមន្តស្នេហ៍» ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ រឿង «ផ្កាព្រៃស្រទាប់មាស» រឿង «ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» របស់ស្ថានីយ៍ទូរទស្សន៍ PNN និងរឿង «នាងចេកអាំង» ស្ថានីយ៍ទូរទស្សន៍បាយ័ន និងសម្អាងការ លី ច័ន្ទសីហាផងនោះ។ បែរជាស្រស់មានកំណើតពីទឹកដីខេត្តព្រៃវែងរូបនេះ ប្រកាសខ្លួនថា ដើរលើវិថីសិល្បៈទោះយ៉ាងណា មិនប្រាថ្នារឿងលែងខ្លួនជាថ្នូរភាពទាក់ទាញនោះឡើយ។
បច្ចុប្បន្នដែលមានឈ្មោះជាតារាម៉ូដែលក្នុងក្រុម BN កញ្ញា ចាន់ នីកា ដែលបង្ហើបខ្លួនថា ក៏មានកំណើតចេញពីឈាមជ័រអ្នកសិល្បៈនៅទឹកដីកំណើត ដែលអះអាងថា«បើទោះបីជាបច្ចុប្បន្នមានការងារសិល្បៈ ក្នុងដៃស្អេកស្កះ នឹងកំពុងថតរឿងជាច្រើនក្តី ប៉ុន្តែសម្រាប់ប្លង់សិចស៊ី ឬ អាសអាភាស ជ្រុលហួសហេតុពេកនោះ ខ្ញុំមិនអាចទទួលយកបាននោះទេ»។
បន្ទរនឹងសំដីដ៏ម៉ឺងមាត់ លើកាយវិការឆ្គងនិងប្រពៃណីដូនតានេះ ស្រីស្រស់ ចាន់ នីកា វ័យ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា «ខ្ញុំសុំច្រានចោល នូវការថតបែបនោះ ដែលប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា ហើយក៏មិនចង់រន្ទឺនូវកេរ្តិ៍ដោយកាយវិការដ៏ឆ្គាំឆ្គងនោះដែរ»៕
