ចិន៖ ក្រោយរៀបការកវី សុខ ជំនោរ បានឆ្លៀតឱកាសដ៏មមាញឹកក្នុងការងារសិល្បៈ នាំភរិយាទើបរៀបការថ្មោងថ្មី អ្នកនាង ស្រី សុរង្សី ទៅកំណើរកំសាន្ត និងក្រេបទឹកឃ្មុំនៅក្រុងសៀងហៃ ប្រទេសចិន កាលពីព្រឹកមិញនេះ ។ ក្នុងនោះលោក សុខ ជំនោរ ក៏បានបង្ហោះរូបផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក និងមានរូបមួយសន្លឹករំលេចឡើងនូវ បន្តោងខ្សែកររាងបេះដូង ដែលដៅដោយអក្សរថា «ស្រី សុរង្សី ថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០១៧» ។

ក្នុងបន្តោងនោះ កវី សុខ ជំនោរ ចង់បង្ហាញសាធារណៈជនថា នេះជាដំណើរកំសាន្តក្រៅប្រទេសលើកដំបូងរបស់គូស្វាមីភរិយាថ្មោងថ្មីនេះ ។ ទន្ទឹមនោះ មហាជនទូទៅមានការសរសើរថា «លោក សុខ ជំនោរ និង ភរិយាពិតជាស័ក្តិសមគ្នាជាពិសេសភរិយារបស់លោកស្រស់ស្អាតមិនចាញ់តារាប៉ុន្មានឡើយ» ។ គួរបញ្ជាក់ថាលោក សុខ ជំនោរ បានរៀបការជាមួយហិរញ្ញិក ស្រី សុរង្សី កាលពីថ្ងៃទី ២៦ ធ្នូ កន្លងទៅនៅកោះពេជ្រ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើនផងដែរ ៕