ភ្នំពេញ៖ មួយរយៈនេះ តារាចម្រៀងវ័យក្មេងនាយ ចឺម បានវាយលុកទីផ្សារយ៉ាងកក្រើកធ្វើឲ្យតារាចម្រៀងរៀមច្បងរកកលភ័យគ្រប់ៗគ្នា ។ តួយ៉ាងកាលពីសប្តាហ៍មុន បានលេចឮដំណឹងថា នាយ ចឺម លើកឡើងចំៗថានឹងដណ្តើមកៅអីរៀមច្បង ខេមរៈ សិរីមន្ត វ៉ាមុខតារាចម្រៀងរៀមច្បង ឆាយ វីរៈយុទ្ធ និង ខាន់ ជេមស៍ បន្ទាប់ពីតំណែងតារាកំពូលប្រចាំផលិតកម្មសាន់ដេនៅទំនេរ ក្រោយការចាកចេញរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ។

ដំណឹងនេះបានតារាចម្រៀងម្ចាស់បទ «នរក១៨ជាន់» នាយ ចឺម បានចេញវីដេអូប្រតិកម្មខ្លាំងៗថា «ដំណឹងនោះ មិនមែនជាការពិតឡើយ»។ នាយ ចឺម បន្ថែមថា «ខ្ញុំឯណាទៅមានចេតនាដណ្តើមតំណែង idol របស់ខ្ញុំ (ខេមរៈ សិរីមន្ត)។ សូមបងប្អូនកុំយល់ច្រឡំ» ។ ក្នុងនោះផងដែរ តារាចម្រៀងប្រភពពីអ្នកកំប្លែង នាយ ចឺម ហាក់មានអារម្មណ៍ខ្លាចតារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត យល់ច្រឡំ ក៏បានអះអាងថា «សូមបង ខេមរៈ សិរីមន្ត កុំមានការយល់ច្រឡំ ប្អូនមិនបាននិយាយ ឬ ក៏គ្មានចេតនាដណ្តើមដំណែងបងទេ» ។

ក្រៅពីនោះ តារាចម្រៀង នាយ ចឺម បានវាយប្រហារមួយជ្រុងទៀតទៅលើអ្នកសារសរសេរព័ត៌មានថា «កុំដោយសារតែផលប្រយោន៍ខ្លួន យកចុងប៊ិចមកកំទេចកេរ្ដិ៍ឈ្មោះអ្នកដ៏ទៃ» ។ ក្រោយប្រើពាក្យសម្តីវាយប្រហារអ្នកសារព័ត៌មាន នាយ ចឺម ងាកមកសុំចិត្តបងៗអ្នកសរសេរព័ត៌មានថា មេត្តាជួយចុះរឿងអ្វីល្អៗ នាយនឹងសប្បាយចិត្ត ។ ទោះជាយ៉ាងណា អាជីពអ្នកសារព័ត៌មានគឺធ្វើយ៉ាងពាំនាំព័ត៌មានគ្រប់រសជាតិ ប្រៃ ល្វី ជូចត់ ផ្អែមល្ហែម ជូនបងប្អូនមហាជនគ្រប់មជ្ឈដ្ឋាន មិនអាចកម្មង់បានឡើយ ៕

សូមទស្សនាវីដេអូ!!