សុខ សីឡាលីន ធ្លាក់​ខ្លួន​ដើរ​ច្រៀង​តាមហាង នាពេលរាត្រី ខណៈឮថា ថ្នាក់​ដឹកនាំ​ផលិតកម្ម មិនខ្ចី​អើពើ

  តារាចម្រៀងស្រីខ្មែរដំបូងគេ ដែលបកស្រាយបទចម្រៀង ភាសាបរទេសបានល្អ គឺកញ្ញា សុខ សីឡាលីន ត្រូវបានមហាជនមើលឃើញថា ទីផ្សារចម្រៀង ជាភាសាបរទេសរបស់នាង កំពុងតែធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ ខណៈដែលការចេញច្រៀង ជាលក្ខណៈផ្លូវការ និងលក្ខណៈឯកជន ក៏ពុំមានច្រើន ដូចកាលពីពេលមុន។ ជាមួយគ្នានេះ សុខ សីឡាលីន ថែមទាំងធ្លាក់កូដ រហូតដល់ថ្នាក់ដើរច្រៀង តាមហាងរាត្រី សន្សំប្រាក់ល្អិត បន្ទាប់ពីលេចឮថា ថ្នាក់ដឹកនាំផលិតកម្ម ហាក់កំពុងតែធីបទុកនាងចោល មិនខ្ចីរវីរវល់អើពើសោះឡើយ។
ស្រីស្រស់ សុខ សីឡាលីន ក៏ជាតារាចម្រៀងស្រីមួយដួង ច្រៀងបទចម្រៀងបរទេស ឲ្យក្រសួងទេសចរណ៍ ហើយពិតជាលេចធ្លោខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលនាង គឺលំដាប់ទី១ របស់ប្រទេស កម្មវិធីថ្នាក់ជាតិ ដែលមានភ្ញៀវបរទេស ពិបាករំលងនាងណាស់។
បច្ចុប្បន្ន សុខ សីឡាលីន ហាក់មិនរំជើបរំជួលដូចប៉ុន្មានឆ្នាំមុនទេ ព្រោះពេលនេះ តារាចម្រៀងស្រីល្បីៗ សុទ្ធតែអាចបកស្រាយបទចម្រៀង ភាសាបរទេសបែបនេះបានល្អ ដូចជា នាង រ៉េត សូហ្សាណា និងអ្នកនាង សុន សន្យា (adele Cambodia) សូម្បីតែអ្នកចម្រៀងខ្លះ មិនសូវល្បីក៏ច្រៀងបានល្អ មិនចាញ់នាងដែរ ទើបធ្វើឲ្យទីផ្សាររបស់ សុខ សីឡាលីន ធ្លាក់ចុះ ខណៈដែលកាលមុន តម្លៃខ្លួននាង ៧០០ដុល្លារ អាមេរិក ប៉ុន្តែសម្រាប់ខនសឺត គឺនាងយកថ្លៃជាងនេះ ។
សព្វថ្ងៃនេះ ទីផ្សាចម្រៀងភាសាបរទេស សុខ សីឡាលីន ហាក់កាន់តែដាំក្បាលចុះ ពីមួយថ្ងៃទៅមួយថ្ងៃ គួបផ្សំនឹងបទចម្រៀងលើទីផ្សារមិនសូវមានទៀត ធ្វើឲ្យនាង ធ្លាក់កូដទាំងព្រមតែម្ដង អ្វីដែលសំខាន់ គឺផលិតកម្មហាក់លើកតម្កើងតែ រ៉េត សូហ្សាណា លើសលប់ធ្វើឲ្យបាត់ សុខ សីឡាលីន ដែលជាខ្លាញីចាស់ ក្នុងវិស័យចម្រៀងបរទេស ស្ទើរតែសូន្យឈឹង។
ក្រៅពីមិនសូវមានការងារហើយនោះ គេសង្កេតឃើញ សុខ សីឡាលីន ចេញច្រៀងនៅតាមហាងធំៗពេលល្ងាចវិញ ដែលនាងខកខាន ក្នុងការច្រៀងបែបនេះរាប់ឆ្នាំមក ហើយ ដោយប្រាក់ចំណូលតាមហាងបែបនេះ មិនខ្ពស់នោះទេ ពោលចាប់ពី ២៥ ដល់ ៥០ដុល្លារ គឺអស់ហើយ ដែលវាខុសគ្នាខ្លាំង នឹងតំលៃដែលច្រៀងតាម កម្មវិធីផ្សេងៗ។
គេមិនដឹងថា សុខ សីឡាលីន នឹងបន្តកុងត្រាជាមួយហង្សមាស បន្តទៀតឬយ៉ាងណាទេ អ្វីដែលសំខាន់ បទចម្រៀងថ្មីរបស់នាង គ្មានភាពទាក់ទាញអ្វីឡើយ បើប្រៀបធៀបនឹង តារាចម្រៀងផ្សេងៗ ខណៈកាលដែលនាងកំពុងរស់នៅក្នុងផលិតកម្មមួយ ដែលថ្នាក់ដឹងនាំ មិនព្រមអើពើនឹងនាងសោះឡើយ រហូតធ្វើឲ្យ សុខ សីឡាលីន ស្ទើរតែបាត់ឈ្មោះ ពីសិល្បៈចម្រៀង។
សុខ សីឡាលីន មិនអាចសុំការបំភ្លឹបានទេ ថាហេតុអ្វីបានជានាង ចេញច្រៀងតាមហាងក្នុងពេលរាត្រី ព្រោះតែបាត់បង់ទីផ្សាចម្រៀង?