ហ្វីលីពីន៖ ក្នុងដំណើរកំសាន្តនៅសមុទ្រ នារីម្នាក់ឈ្មោះ  «Abbey Ann Hernandez» បានផ្តិតយករូបបុរសម្នាក់កំពុងហែលទឹកលក់ការ៉េម​នៅក្នុងសមុទ្រ​ដែនដីហ្វីលីពីន រួចបង្ហោះរូបនោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនទូទៅមានអារម្មណ៍ក្តុកក្តួល​បំផុត បន្ទាប់ពីឃើញរាងកាយរបស់បុរសជនជាតិហ្វីលីពីនម្នាក់ ស្លេកស្លាំង ព្រោះត្រូវត្រាំទឹកជារៀងរាល់ថ្ងៃ ។
បុរសលក់ការ៉េមក្នុងទឹកនេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណពិតប្រាកដនៅឡើយ ដោយគ្រាន់តែអ្នកនៅជិតនោះបានប្រាប់ថា «បុរសម្នាក់នោះគាត់មកលក់ការ៉េមនៅក្នុងទឹកសមុទ្រជា​រៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណេញបន្តិចបន្ទួចទៅចិញ្ចឹមគ្រួសារ ដែលកំពុងជួបនូវភាពខ្វះខាតយ៉ាងខ្លាំង» ។
គួរបញ្ជាក់ថា មុខរបរ​ដែលគ្មានអ្នកប្រាថា្នចង់ធ្វើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា មានហានិ​ភ័យ ប្រឈមគ្រោះថ្នាក់ណាស់ ព្រោះត្រូវលក់ការ៉េមនៅកណ្តាលផ្ទៃសមុទ្រស្វឹងល្វើយ ណាមួយខ្លួនប្រាណ​ត្រូវខ្សោះព្រោះនៅក្នុងទឹករហូត ៕