ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃពិសេសរបស់តារាចម្រៀង ខាត់ សុឃីម និងលោក អ៊ិន ផាណូ ដែលបានចាប់ដៃគ្នា សាងជាគ្រួសារមួយដ៏​មានសុភ​មង្គលបំផុត ដែលធ្វើឲ្យតារាៗលាន់មាត់សរសើរគ្រប់ៗគ្នាថា «គ្រួសារសុខសាន្ត» ។ ទាំងព្រលឹមថ្ងៃទី១២ ធ្នូនេះ តារាចម្រៀងប្រពៃណី ខាត់ សុឃីម បានបង្ហោះសាររំលឹកខួបអាពាហ៍ពិពាហ៍ ៥ឆ្នាំ លើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យសាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ បានចូលរួម​ខមមិនអបអរសាទរយ៉ាងច្រើន ។

ក្នុងសារនោះ តារាចម្រៀងម្ចាស់បទ «តាមអើយតាម» ខាត់ សុឃីម បានសរសេរថា «ប្រុសស្អាត idol អូន! អូនស្រលាញ់ និងតាមដានគ្រប់សកម្មភាពមិនឲ្យឃ្លាតពីភ្នែកទេ សូម្បីតែអ្នកផ្សេងក៏មិនឲ្យប៉ះដែរ» ។ នាងបន្ថែមថា «រីករាយថ្ងៃគម្រប់ខួប ៥ឆ្នាំ អាពាហ៍ពិពាហ៍ ១២.១២.២០១២ – ១២.១២.២០១៧» ។ សារដ៏ផ្អែមល្ហែមនេះ ត្រូវបានបន្ថែមពាក្យពេចន៍ជូនពរពីសំណាក់អ្នកគាំទ្រថា «ជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូត រកស៊ីមានបាន និងមានសម្រស់កាន់តែស្អាត» ៕