ភ្នំពេញ៖ កែវ សុខផេង ដែលស្ថិតក្នុងខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន បាន ចុះកុងត្រារយៈពេល ១ឆ្នាំនៅក្លឹប PKNP F.C (Perak State Development Corporation Football Club) របស់ម៉ាឡេស៊ី នាថ្ងៃទី១១ ខែធ្នូនេះ។ ក៏ក្លាយជាកីឡាករកម្ពុជាទី២ ដែលបានផ្លាស់ទៅលេងនៅលីគកំពូលម៉ាឡេស៊ី បន្ទាប់ពីបន្ទាប់ពីធារី ចន្ថាប៊ីន ដែលបានផ្លាស់ទៅលេងនៅក្លឹប Terengganu FC កាលពីពេលថ្មីៗកន្លងទៅ។

គួរបញ្ជាក់ផងដែរថា មុនចុះកុងត្រាជាមួយកែវ សុខផេង ក្លឹប PKNP ក៏បានចុះកុងត្រាជាមួយកីឡាករកូរ៉េខាងត្បូង Gi Sung Yeon របស់ភ្នំពេញក្រោនផងដែរ។ដោយឡែកក្លឹប PKNP FC ជាក្លឹបដែលទើបបង្កើតកាលពីឆ្នាំ២០១៥ ប៉ុន្តែបានឡើងមកលេងលីគកំពូលម៉ាឡេស៊ី នារដូវកាលថ្មី ២០១៨ ខាងមុខនេះ។ ក្រោយពីចុះកុងត្រារួច ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្ររូបខ្លួនតាំងពីដើមរៀងមក ជាពិសេសគឺអ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន៕