កូឡាឡាំពួរ៖ ក្រៅពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានបន្ថែមមោទភាពថ្មីមួយទៀត ឲ្យប្រជាជនជាតិកម្ពុជា តាមរយៈការឈ្នះមេដាយមាសទី ៣ ក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ។ កីឡាប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ក៏ទទួលបានមេដាយមួយរួមគ្នា ខណៈ ឃីម ឌីម៉ា កីឡាករប្រដាល់រហ័សនាមនាគខ្មៅនៅកម្ពុជាក៏បន្ថែមមោនទភាពពីការប្រកួតស៊ីហ្គេមនេះផងដែរ។

បើទោះបីជា ស៊ន សៀវម៉ី ធ្លាប់បានយកឈ្នះកីឡាការិនី Kirstie Elaine Alora ទាំងលំបាកក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ ២០១៤ នៅប្រទេសកូរ៉េខាងត្បូងជាមួយលទ្ធផល ៦-៥ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នាជាថ្មីក្នុងវគ្គផ្តាច់ព្រ័ត្រ ទម្ងន់ក្រោម ៧៣ គីឡូក្រាម ក្នុងស៊ីហ្គេមលើកនេះ សៀវម៉ី បានគ្រប់គ្រងការប្រកួតយ៉ាងល្អដើម្បីយកឈ្នះ Kirstie Elaine Alora ក្នុងលទ្ធផល ១៣-៦។

ជ័យជម្នះនេះបានធ្វើឲ្យ ស៊ន សៀវម៉ី ក្លាយជាអត្តពលិកដែលបានឈ្នះមេដាយមាសទី ៣ ឲ្យកម្ពុជានៅក្នុងការប្រកួតស៊ីហ្គេមនាថ្ងៃចុងក្រោយនេះ គឺបន្ទាប់ពីកីឡាការិនីជាវីរនារីផ្នែកកីឡាប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសឲ្យកម្ពុជាលើវិញ្ញាសាវាយគូនារី រួមទាំងកីឡាករគុនខ្មែរ ឃីម ឌីម៉ា ដែលបានឈ្នះមេដាយមាសឲ្យកម្ពុជាក្នុងការប្រកួតទម្ងន់ ៦៣,៥ គីឡូក្រាមនៅថ្ងៃអង្គារនេះដែរ។ ខណៈម៉ឺន សុភា ក៏ជាជើងខ្លាំងកីឡាករប្រដាល់គុនខ្មែរ ដែលប្រកួតផ្តាច់ព្រ័ត្រក្នុងទម្ងន់ ៧១ គីឡូក្រាមចាញ់កីឡាករថៃ Anueng ទាំង ៣ ទឹកជាមួយពិន្ទុ ១០-៩ ១០-៩ និង ១០-៩ ដែលធ្វើឲ្យរូបគេបានត្រឹមទទួលមេដាយប្រាក់ឲ្យកម្ពុជា។

តាមរយៈការលទ្ធផលនៃការប្រកួតថ្ងៃចុងក្រោយរបស់អត្តពលិកកម្ពុជា នៅក្នុងការប្រកួតស៊ីហ្គេមលើកទី ២៩ ឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ីនេះ កម្ពុជាបានឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធចំនួន ១២ សរុប ១៧ មេដាយគឺមានលក្ខណល្អប្រសើរជាងការប្រកួតស៊ីហ្គេមនៅប្រទេសសិង្ហបុរី ឆ្នាំ ២០១៥ ដែលកម្ពុជាបានឈ្នះមេដាយមាសត្រឹម ១ ប្រាក់ ៥ និងសំរឹទ្ធចំនួន ៩ សរុប ១៥ មេដាយ៕