ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត បានលេចមុខជាថ្មី ក្នុងកម្មវិធីប្រគុំតន្ត្រីអ៊ីឆីតាន់ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ។ ជាមួយរូបរាងសង្ហាពាក់វែនតាខ្មៅ និងកាត់សក់ម៉ូដថ្មីរះសងខាងតិចៗ ទុកតែនៅខាងលើនោះ ខេមរៈ សិរីមន្ដ បានធ្វើឲ្យក្រមុំៗដែលទៅទស្សនាផ្ទាល់មានការរំជើបរំជួល នៅពេលដែលលោកបានលើកបទចម្រៀងថ្មីល្បីៗ យកមកច្រៀងឃោសនាអូសទាញការគាំទ្រ មានដូចជាបទ «ស្ទឹងត្រែងបងអើយ», «អស់សិទ្ធិ ថែតែនៅបារម្ភ» តែបទដែលមានការសំណូមពរច្រើន គឺបទ «ក្បាច់ពស់» ដែលមានអ្នករាំតាម តារាចម្រៀងរូបនេះថែមទៀតផង។

គ្រាន់តែអ្នចម្រៀងរូបនេះដើរចុះពីលើឆាកភ្លាម ស្រាប់តែមានក្រមុំៗតាមចាប់ឱបថើបខេមរៈ សិរីមន្ដ រកតែរើខ្លួនមិនចង់រួចឡើយ បើទោះជាអ្នកចម្រៀងរូបនេះមានអង្គរក្សតាមការពារជាប់៣ទៅ៤នាក់ ដែលរង់ចាំអមសិរីមន្ដ ឡើងទៅរថយន្ដទំនើប ឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ តម្លៃជិត ១០ម៉ឺនដុល្លារ ដែលបានបញ្ឆេះរង់ចាំជាស្រេចក្ដី តែក្រុមយុវវ័យដែលភាគច្រើនជាក្រមុំៗស្រីស្អាតៗនោះ ចង់តែឱប ខេមរៈ សិរីមន្ដ ទុកក្បែរខ្លួន មិនចង់ព្រលែងឲ្យតារាចម្រៀងរូបនេះទៅណាឆ្ងាយឡើយ៕