ភ្នំពេញ៖ តារាសម្តែងងារជាប៉ូលីសស្រី អ៊ុន អាលីហ្សា សប្បាយចិត្ត ត្បិតគូស្នេហ៍ធ្វើ Surprise ខួបកំណើតឲ្យនាងម្សិលមិញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ។ រំពេចនោះ តារាសចម្រៀង និងសម្តែង អ៊ុន អាលីហ្សា បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងសារសរសេរថា «អរគុណបងសម្លាញ់! សម្រាប់យប់នេះអូនពិតជារំភើបណាស់ ទោះជាយើងនៅឆ្ងោយពីគ្នាក៏ដោយក៏បេះដូង យើងនៅជិតគ្នារហូត» ។ ក្រោយពីការថ្លែងអំណរគុណដោយក្តីរំភើប អ៊ុន អាលីហ្សា បានបង្ហើយពាក្យក្នុងចិត្តថា «អូនស្រលាញ់បង» ។

ក្នុងសារផ្អែមល្ហែមនេះ មជ្ឈដ្ឋានទូទៅហាក់ច្រណែននឹងក្តីសុខរបស់តារាសម្តែង អ៊ុន អាលីហ្សា យ៉ាងខ្លាំងដែលមាន​បុរស​ចេះថែរក្សានាង ។ ទន្ទឹមនោះ មហាជនទូទៅនៅឆ្ងល់ថា «ហេតុអ្វីបានជា អ៊ុន អាលីហ្សា មិនបង្ហាញមុខគូស្នេហ៍?» ។ ជុំវិញរឿងនេះ អ្នកជិតស្និទ្ធតារាសម្តែង អ៊ុន អាលីហ្សា បានបង្ហើបថា «អ៊ុន អាលីហ្សា មានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញម្នាក់នោះ យូរណាស់មកហើយ ចាស់ទុំក៏បានដឹងឮដែរ» ។ ប្រភពដដែលបន្តថា «នាងនៅលាក់បាំងមុខគូស្នេហ៍ ព្រោះតែនាងមិនទាន់មានគម្រោងរៀបការច្បាស់លាស់ ម៉្លោះហើយនាងសុំលាក់មុខអនាគតស្វាមីសិន» ៕