ភ្នំពេញ៖ ម្ចាស់ពាន The Voice Cambodia ប៊ុត សីហា ត្រូវបានគេកត់សម្គាល់ថា លោកហាក់មានភាពស្ងប់ស្ងាត់ពេញ១ឆ្នាំ ក្នុងវិស័យសិល្បៈចម្រៀង បន្ទាប់ពីតារាចម្រៀងមួយនេះ ត្រូវបានហង្សមាសទុកចោលឈប់អើពើអ្វីទាំង​អស់ ។ ដោយឡែក សប្តាហ៍មុនតារាចម្រៀង ប៊ុត សីហា ត្រូវស្ថានីយទូរទស្ស​ន៍ អ៊ីធីវី បានផ្តល់ឱកាសឡើងច្រៀងវិញ ប៉ុន្តែលោកពុំមានបទថ្មីសម្រាប់​បម្រើ​អារម្មណ៍ទស្សនិកជនទេ ។ ក្រោយពីនោះ តារាចម្រៀងម្ចាស់ពាន ប៊ុត សីហា បានរត់ទៅសំងំនៅផ្ទះ ខេត្តកំពង់ស្ពឺវិញ ។

 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀងម្ចាស់ «បោក» ប៊ុត សីហា បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយកូនស្រី ក្នុងទឹកមុខស្រពាប់ស្រពោន ដូច​អស់សង្ឃឹមក្នុងឆាកជីវិត ។ រំពេចនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chea Pozz» បានខមមិនថា «មានហេតុផលអ្វីបានជាបង (ប៊ុត សីហា) មិនចេញបទចម្រៀងថ្មីៗអញ្ចឹង ខ្ញុំស្តាយខ្លាំងណាស់ ដែលបងមិនល្បី» ។ លោកបានបន្តទៀតថា «ហេតុអ្វីបងមិនដូរផលិតកម្ម?» ។ តែទោះជាយ៉ាងណា តារាចម្រៀង ប៊ុត សីហា មិនបានឆ្លើយតបអ្នកគាំទ្រលោកឡើយ មកទល់ពេលនេះ ។ គួរបញ្ជាក់ថា តារាចម្រៀងម្ចាស់ពាន The Voice Cambodia ប៊ុត សីហា ត្រូបានគេដឹង​ថា «មានប្រពន្ធ ថែមទាំងមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង ៕