កំពង់ធំ៖ គ្រួសារអភ័ព្វ អ្នកមីង រុន ភុន វ័យ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅគ្មានអ្វីជាទីពឹង ព្រោះប្តីបានស្លាប់ចោល។ អ្វីដែលគួរឲ្យសង្វេគជាងនេះទៅទៀត អ្នកមីង ភុន ក៏រងនូវសំពាយជីវិតដ៏មហាកម្សត់ ត្រូវមើលថែកូនស្រីក្រមុំពិការ អង្គុយលើរទេះរុញចំនូន ៣នាក់ រកថ្ងៃស្រាក់ស្រានកាយបានឡើយ។ អ្នកស្រី រុន ភុន បានរៀបរាប់ថា «ដំបូងឡើយកូនស្រីពិការទាំង ៣នាក់នេះ អាចដើរបានខ្លះ ប៉ុន្តែក្រោយមកដើរលែងរួចតែម្តង» ។ ថ្លែងពីអម្រែកទុក្ខនេះ ស្រីមេម៉ាយវ័យ៦០ឆ្នាំ ឈ្មោះ រុន ភុន ពោលទាំងទឹកភ្នែកបន្តថា «ខ្ញុំលក់អស់ហើយរបស់របរ ដើម្បីព្យាបាលកូនស្រីទាំង៣ ប៉ុន្តែមិនមានលទ្ធផលល្អសោះ» ។

ក្នុងភាពដ៏សង្ឃឹមនឹងពន្លឺជីវិត ក្នុងរណ្តៅទុក្ខជាន់លើទុក្ខនេះ ស្រីមេម៉ាយវ័យចំណាស់រូបនេះ មានតែលើកដៃប្រណម្យសូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយចម្លងទុក្ខនេះផង។ ខណៈអ្នកម៉ីងដ៏កម្សត់នេះក៏បង្ហើបថា «មិនដឹងថាកម្មពៀរអីទេ ខ្ញុំប្តីស្លាប់ចោលហើយ ហើយមកជួបទុក្ខកូនស្រីទាំងបី មានជំងឺទន់ដៃទន់ជើង ដើរមិនរួចហើយនិយាយមិនចេញ ព្យាបាលក៏អស់ទាំងលទ្ធភាព ទាំងប្រាក់កាស់នៅលក់អស់រលីងពីខ្លួនហើយដែរ តែមិនមានសង្ឃឹមសោះ។ ធ្វើឲ្យរស់នៅយ៉ាងវេទនា នៅតែលើរទេះរុញ។ គួរបញ្ជាក់ថា អ្នកស្រី រុន ភុន មានកូនទាំងអស់ ៩នាក់ ស្លាប់ ១នាក់ ហើយសព្វថ្ងៃកូនស្រីពិការ ៣នាក់រស់នៅក្នុងបន្ទុកអ្នកមីងទាំងស្រុង ដែលមានទីលំនៅ ភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕

សូមទស្សនាវីដេអូ!!