ភ្នំពេញ៖ រូបថតបង្ហាញពីឯកសណ្ឋាននិស្សិតស្រីម្នាក់ ថ្ងៃទទួលសញ្ញាប័ត្រ ក៏ថតរូបភ្ជាប់នូវស្នាមញញឹមយ៉ាងរីករាយ ដែលមានបងប្អូនឪពុកម្តាយឈរអម ក្នុងរូបរាងកាយធាត់ទ្រលុកទ្រលន់ ពាក់វែនតាខ្មៅយ៉ាងសង្ហាផង។ រំពេចពីរូបភាពដែលភ្នែកមហាជន គន់ហើយត្រឹមតែន័យសរសើរថា ពិតស្រស់សង្ហា ស្រស់ស្រាយនោះ ក៏លេចឡើងនូវក្តីសង្វេក ក្តីអាណិតអាសូរដែលមិននឹកដល់នៅក្រោយស្នាមញញឹមនេះ ខណៈយុវត្តីជានិស្សិត ដែលជាម្ចាស់រូបនេះ ក៏បានឲ្យដឹងពីអាថ៌កំបាំងនៅក្រោយស្នាមញញឹមនេះថា «វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ»។

តែបើទោះជាយុវត្តីទើបទទួលបានភាពជោគជ័យលើកម្រិតសិក្សាថ្នាក់បរិញ្ញា ប័ត្រ នាម សួស ឧស្សាហ៍ ក៏បង្ហាញឲ្យដឹងទៀតថា «តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទេ »។ ខណៈបញ្ចប់នៃសារនេះ យុវត្តីកើតក្នុងកំណើតដែលមានឪពុកពិការភ្នែកម្តាយប្រកបរបរលក់ដូរតិចតូចរីបនេះ ក៏ថ្លែងថា « អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ»។

ស្តែងពីរូបភាពនិងការនិទានអាថ៌កំបាំងជីវិតក្រោយភាពជោគជ័យលើការសិក្សារបស់ និស្សិតស្រីដ៏ស្រស់សោភ ឧស្សាហ៍ នេះ ក៏ធ្វើឲ្យមហាជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងលើការតាំងចិត្តពីយុវត្តីឧស្សាហ៍និងការតស៊ូ ពីឪពុកពិការភ្នែកទាំងសងខាងនោះ។ ក្នុងនោះដែរ ក្នុងអារម្មណ៍មោទនៈភាពលើប្រជាប្រិយភាពនេះ និស្សិតស្រីដ៏ស្រស់សោភារូបនេះ នៅថ្ងៃទី១៤ខែធ្នូនេះ ក៏បង្ហាញសារបន្តខ្លីថា «គ្រាន់តែចង់ផ្ញើរសារមួយ ទៅកាន់អ្នកដែលមានឱពុកម្ដាយជាអ្នកមាន មានលទ្ធភាព មានលុយចាយច្រើនៗក្នុងមួយថ្ងៃ ខំតែរៀនម្យ៉ាងទៅគឺបានហើយ អាណិតដល់អ្នកដែលចង់រៀនតែអត់មានលុយរៀន.»។