ភ្នំពេញ៖ កាលពីរសៀលម្សិលមិញថ្ងៃទី១៤ ធ្នូ កម្មករសំណង់ខ្មែរម្នាក់ត្រូវបានថៅកែជនជាតិចិន ចាប់ចងភ្ជាប់ជាមួយនឹងបង្គោលភ្លើង ក្នុងទីលានបាល់ទាត់ ដោយចោទថា បានលួចខ្សែភ្លើង នៅចំណុចការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយផ្លូវព្រះ នរោត្តម ក្រុម៦២ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កម្មករសំណង់ខ្មែរ ត្រូវថៅកែចិន យកខ្សែភ្លើងរាប់សិបខ្សែមកចងរឹតរុំព័ទ្ធជុំវិញនោះ ត្រូវបានគេស្គាលថា ឈ្មោះ ហោ សុភី អាយុ៣០ឆ្នាំ ជាកម្មករក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មករសំណង់ជាប់ចំណងនោះ ត្រូវបានស្រាយចំណងវិញ ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះមកដល់ និងធ្វើការសួរនាំនិងដោះស្រាយតាមនិតិវិធី ។
តែទោះជាយ៉ាង កម្មករសំណង់ម្នាក់នោះ មិនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការទេ ដោយគ្រាន់តែអប់រំណែនាំប៉ុណ្ណោះ ហើយពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ៕
