ភ្នំពេញ៖ ខ្សែប្រយុទ្ធរបស់កម្ពុជា វឌ្ឍ នាកា បានចាកចេញពីកម្ពុជាក្រោយពីជួយក្រុមបឹងកេតធ្លាក់ត្រឹមវគ្គដំបូងពានរង្វាន់ Toyota Mekong Cup ទៅប្រទេសម៉ាឡេស៊ី ដើម្បីទៅចរចាចុះកុងត្រាជាមួយក្លឹបថ្មីនៅទីនោះ។ តាមការផ្សព្វផ្សាយពីប្រទេសម៉ាឡេស៊ី បានបង្ហាញថា«ខ្សែប្រយុទ្ធកម្ពុជារូបនេះ នឹងផ្លាស់ទៅលេងនៅក្លឹបធំមួយនៅម៉ាឡេស៊ី។ចំពោះតម្លៃពលកម្មវិញក៏ច្រើនជាងនៅប្រទេសជប៉ុន កាលលេងជាមួយក្រុមលីគលំដាប់ទី៣នោះដែរ»។

ប្រភពដដែលនោះក៏បន្តថា«ការចុះកុងត្រានឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ ហើយតម្លៃខ្លួននោះអាចជាង​១៥០០០ដុល្លារអាមេរិកឯណោះ»។ គួរបញ្ជាក់ដែរថា ឈ្មោះក្លឹបថ្មីនោះមិនអាចប្រាប់បាននៅឡើយ ដោយចាំខាងសាមីប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះតែម្ដង។ ចំណែកតម្លៃខ្លួន អាចនឹងមានការប្រែប្រួលបន្តិចបន្តួចទៀត ក្រោយពីមានការចរចាគ្នាផ្ទាល់តែម្ដង»។