បង់ក្លាដេស៖ នៅក្នុងតំបន់ Magura ភាគនិរតីប្រទេសបង់ក្លាដេស រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីទារកម្នាក់បានកើតមកភ្លាម មានមុខមាត់ដូចជាតាអាយុ៨០ឆ្នាំ ដែលវាជាស្ថានភាពដ៏កម្រមួយបណ្តាលឲ្យទារកនេះឆាប់ចាស់មានសភាពជ្រីវជ្រួញពេញផ្ទៃមុខ ភ្នែកទាំងពីររូងទៅក្នុង រាងស្គម និងមានដុះរោមក្រាស់ពេញខ្នង។
ជាក់ស្ដែងនៅក្នុងវីដេអូមួយបានង្ហោះឡើងខណៈដែលគ្រូពេទ្យម្នាក់បាននិយាយថា«ទារកមួយនេះមើលទៅមិនដូចជាទើបតែនឹងកើតទាល់តែសោះ ដោយសារតែមានលេចចេញនូវរោគសញ្ញាចាស់ជាងវ័យ ដូចជាស្នាមជ្រួញច្រើនហួសប្រមាណ និងសភាពស្បែកមិនហ្មត់រលោង”។
គួរបញ្ជាក់ផងដែរថាជំងឺ Progeria គឺជាជំងឺដ៏កម្រ ដែលវាបង្កឡើងដោយកំហុសលក្ខខណ្ឌហ្សែនមួយដែលធ្វើឲ្យរាងកាយកុមារចាស់ជាងអាយុយ៉ាងលឿនបំផុត ហើយជាទូទៅរស់មិនដល់អាយុ១៣ឆ្នាំឡើយ។ ដោយឡែកស្ថានភាពទារកមិនមានបញ្ហាអ្វីនោះទេ ដោយសារក្រុមគ្រូពេទ្យកំពុងតាមដានសុខភាព និងការវិវឌ្ឍរបស់ក្មេងយ៉ាងយកចិត្តទុកដាក់៕
