ភ្នំពេញ៖ ហេតុការណ៍កូនវាយម្តាយបែកម្រាមដៃខ្ទេច ព្រោះខឹងម្តាយឈ្លោះប្រកែកជាមួយកូនប្រសារស្រី កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ។ ជនដៃដល់ជាកូនប្រុសបង្កើតឈ្មោះ នួន សុផា បានយកអង្រែមកវាយម្តាយត្រូវដៃផ្ទុបនឹងសសរផ្ទះ បណ្តាលឲ្យម្រាមដៃម្តាយខាងស្តាំ លោកយាយ ធី សុផាត ត្រូវបែកខ្ទេច ពោលនៅសស់តែមេដៃមួយប៉ុណ្ណោះ ។

កូនប្រុសតែមួយ លោកយាយ ធី សុផាត ដែលលោកយាយ​ធ្លាប់តែ​សង្ឃឹមថាមានកូនប្រុសមួយជាទីពឹង តែដឹងអី គ្រាន់តែរឿងតិចតួច ហ៊ានលើកដៃវាយម្តាយគ្មានប្រណី ព្រោះតែម្តាយឈ្លោះ​ជាមួយ​ប្រពន្ធ។ តែទោះជាយ៉ាងណា កូនអកត្តញ្ញូវាយម្តាយ​ព្រោះប្រពន្ធនោះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនភ្លាមៗ និងកំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ដើម្បីចាត់ការតាម​និតិវិធី ។

យ៉ាងណាក៏ដោយ មនុស្សចាស់ភាគច្រើន តែងតែរអ៊ូរទាំរឿងកូនចៅប៉ុណ្ណឹងឯង ព្រោះតែគាត់ចង់ឲ្យកូនចៅបានល្អ ។ ក្នុងនាមយើងជាកូន ទោះជាយ៉ាងណា ត្រូវចេះយកចិត្តទុកដាក់ គោរពស្រលាញ់ កុំថាឡើយលើកដៃវាយអ្នកមានគុណ សូម្បីតែប្រើពាក្យសម្តីមិនសមរម្យ ក៏យើងអាចមានបាបបានដែរ ។ បាបបុណ្យមិនចាំជាតិក្រោយទេ តួយ៉ាង ជនជាប់ចោទឈ្មោះ នួន សុផា ដែលបានលើកអង្រែវាយម្តាយនោះ ពេលនេះកំពុងត្រៀមខ្លួនចូលដេកក្នុងគុកហើយ ៕