ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ លេចវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងពិធីឡើងភូមិគ្រឹះឧត្តមសេនីយ៍ទោផ្កាយ ២ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ធ្វើឲ្យភ្ញៀវកិត្តិយសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ វត្តមានដ៏កម្ររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបង្ហាញក្នុងកម្មពិធីនេះ ត្រូវបានគេដឹងថា ទទួលបានកម្រៃតម្លៃមិនស្ទើរទេ ព្រោះលោកភាគច្រើន ច្រៀងតែក្នុងកម្មពិធីប្រគុំតន្រ្តីធំប៉ុណ្ណោះ ។

ជុំវិញរឿងនេះ អ្នករៀបចំកម្មពិធីម្នាក់ បានបង្ហើបថា «ក្នុងពិធីយ៉ាងឧឡារិកនេះ ម្ចាស់កម្មពិធី ហូ ចំរើន ចំណាយអស់ប្រមាណជាង ១០ម៉ឺនដុល្លារ» ។ ប្រភពដដែលបន្តថា «ចំពោះតារាចម្រៀងទៀតសោត លោកជ្រើសសុទ្ធតែលំដាប់កំពូល ដូចជា ព្រាប សុវត្ថិ មាស សុខសោភា និង ខាត់ សុឃីម ជាដើម» ។ គួរបញ្ជាក់ថា ក្នុងកម្មពិធីនោះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមន្ត្រីធំៗជាច្រើនដូចជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ជាដើម ៕