ភ្នំពេញ៖ កាលពីព្រឹកមិ្សលមិញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឃាតកម្មដ៏ល្បីរន្ទឺកាលពីខែឧសភា ឆ្នាំ២០១៧ កូនប្រុសនាយ ហុងដា និងសង្សារ រួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ មកបើកសវនាការជំនុំជម្រះជាអសាធារណៈ។ ក្នុងសវនាការនោះដឹកនាំដោយលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា និងលោក ស្រី ម៉ាក់នី ជាតំណាងអយ្យការ ដែលមានវត្តមានជនជាប់ចោទ និងឪពុកម្តាយជនជាប់ចោទ (លោក ហុងដា និងអ្នកនាង ខ្មឹប) ចូលរួមក្នុងសវនាការផងដែរ។ ក្រោយការសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមរឿងក្តីនេះ ទៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខវិញ។

គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន លើម្តាយចុងវ័យក្មេងឈ្មោះ ស៊ឹម ចន្ធី អាយុ ១៩ឆ្នាំ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅខុនដូ ៕