ហ្វីលីពីន៖ កាលពីរាត្រីថ្ងៃអាទិត្យទី១៧ខែធ្នូនេះ កំពូលកីឡាករប្រដាល់និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានធ្វើពិធីខួបកំណើតចូលវ័យ៣៩ឆ្នាំ ដែលមានការចូលរួមផ្តល់កិតិយស់ជាពិសេស ពីប្រធានាធិបតីហ្វីលីពីន។ ក្នុងវត្តមាននារាត្រីដ៏មានអត្ថន័យរបស់កីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក របស់ហ្វីលីពីន Manny Pacquiao នោះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក៏បានព្រលយឲ្យភ្ញៀវចូលរួមដឹងជាសាធារណៈថា «លោកចង់ឃើញលោក Manny Pacquiao ធ្វើជាប្រធានាធិបតីបន្ទាប់ពីលោក»។

ការបង្ហាញពីទស្សនៈ ចង់ឃើញកីឡាករឆ្លើមរបស់ប្រទេស ក្លាយជាអ្នកបន្តវេនដឹកនាំប្រទេសនោះ សារព័ត៌មានហ្វីលីពីន Inquirer ក៏បានបង្ហាញការផ្សព្វផ្សាយដែរថា «លោក ឌូទើតេបាននិយាយដូច្នេះ៖ «ខ្ញុំបានប្រាប់គាត់ហើយពេលយើងនៅតែពីរនាក់ ហើយខ្ញុំចង់ឲ្យគាត់ក្លាយជាប្រធានាធិបតី»។ បន្ថែមពីសារបួងសួងឲ្យសមាជិកព្រឹទ្ធសភារូបនេះមានសុខភាពល្អ និងបន្តចូលរួមចំណែកបម្រើប្រជាជនហ្វីលីពីន និងជំរុញលើកទឹកចិត្តពួកគេទៅមុខបន្តទៀត។

លោកប្រធានាធិបតីហ្វីលីពីន ដែលឈរលើជំហរដ៏ម៉ឺងមាត់សម្អាតគ្រឿងញៀនឲ្យអស់ពីប្រទេសហ្វីលីពីនរូបនេះបានបន្តថា៖«អ្នកបាននាំមកនូវភាពរីករាយ និងមោទនភាពសម្រាប់ប្រទេសយើង ដោយក្លាយជាម្ចាស់ពានរង្វាន់ផ្នែកប្រដាល់ពិភពលោក»។ ចំណែកលោក Pacquiao វិញបានឆ្លៀតរម្លឹកពីអតីតកាលនៅពេលដែលលោកនៅសំណង់អនាធិបតេយ្យ ហើយលោកមិនដែលធ្លាប់គិតថា លោកមានជីវិតរុងរឿងដូចបច្ចុប្បន្នឡើយ។ អ្វីដែលលោកចង់ធ្វើនោះគឺបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាជនហ្វីលីពីនជាពិសេសអ្នកក្រីក្រតែម្តង៕