ភ្នំពេញ៖ ក្នុងវ័យ៥១ឆ្នាំលោក អៀង ហឿន ត្រូវបានមជ្ឈដ្ឋាននានាស្គាល់ថា លោកគ្រូល្ខោនស្រមោលស្បែកតូច និងស្បែកធំ ធ្លាប់ បម្រើវិស្ស័យសិល្បៈបុរាណខ្មែរយើងតាំងពីសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតសិស្សរបស់លោកតាឆេង ផុន។ ដែលពេលនេះលោកបានធ្លាក់ខ្លួនឈឺ ស្លាប់មួយចម្ហៀងខ្លួន និយាយមិនរួច។ តបនូវ​ក្តី​អា​សួរនេះ សមាគមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមនិងសមាគមសិល្បករខ្មែរ ក៏បានធ្វើការអំពាវនាវដល់សប្បុរ​ជននិ​ង​សិល្បករ សិល្បការិនីគ្រប់ជំនាន់ ដើម្បីចូលរួមបរិច្ចាគថវិកា ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកដល់ព្រឹទ្ធាចារ្យសិ​ល្បៈបុរាណដ៏ចំណាស់នេះ។ ដែលអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 012 349 078 ។

ក្នុងនោះលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តនិងតំណាងឲ្យប្រធានសិល្បករខ្មែរ ក៏បានបង្ហាញទៀតថា «ថ្មីៗនេះ លោក ភឿង កុម្ភៈ ដែលជាប្រធានសមាគមសិល្បករគោកធ្លក បានទូរស័ព្ទមកសុំសមាគមសិល្បៈឲ្យជួយ លោក ព្រឹទ្ធាចារ្យអៀង ហឿន ។ ដែលពេលនេះប្រធានសមាគមសិល្បករគោកធ្លក បានរៀបរាប់ពីស្ថានភាពជំងឺរបស់លោក អៀង ហឿន គាត់ស្លាប់មួយចម្ហៀងខ្លួន និយាយមិនរួច សម្រាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ ។គ្រូពេទ្យបានវះកាត់យកឈាមកកចេញពីខួក្បាលគាត់ហើយ»។ តាមការបង្ហាញពីប្រធានសមាគមសិល្បករគោកធ្លក បានបង្ហាញឲ្យដឹងថា« ខ្ញុំក៏ខ្ចីលុយមិត្តភក្ដិម្នាក់ចំនួន១៣៥០ ដុល្លារ ដើម្បីបង់សេវាវះកាត់សិន ដើម្បីសង្គ្រោះគាត់ជាបន្ទាន់។ បើតាមការប៉ាន់ប្រមាណ ដើម្បីព្យាបាលគាត់ឲ្យបានជាសះស្បើយ យើងត្រូវការថវិកាប្រមាណ ៥០០០ ដុល្លារ។