ភ្នំពេញ៖ ក្រោយការបាត់មុខមួយរយៈធំ តារាសម្តែង ឌុច សោភា បានបង្ហាញវត្តមានជាថ្មីម្តងទៀតជាមួយកូនប្រុសសំណប់ចិត្ត ដ៏គួរឲ្យស្រលាញ់ម្នាក់ ។ ទន្ទឹមនឹងវិលចូលពិភពសិល្បៈវិញនោះ អ្នកម្តាយកូនមួយ ឌុច សោភា បានបង្ហើបថា «ការចូលសិល្បៈវិញនេះ ខ្ញុំមិនប្រកាន់តែតំណែងតួឯក ឬតួអ្វីនោះទេ ប៉ុន្តែសុំពិនិត្យសាច់រឿងឲ្យបានច្បាស់មុនទទួលសម្តែង» ។

ថ្វីត្បិតតែតារាសម្តែង ឌុច សោភា បានស្ម័គ្រសម្តែងគ្រប់តួក៏ដោយ តែនាងហាក់ដូចនៅរុញរាខ្លះៗដែរចំពោះតួបន្ទាន់បន្សំ ។ ជាងនេះទៅទៀត តារាសម្តែង ឌុច សោភា មិនចេះ​តែទទួលគ្រប់រឿងនោះទេ ពោលទាន់តែរឿងណាដែលនាងគិតថាសាកសមនឹងនាងបាន នាងសម្រេចចិត្តចុះកុងត្រាជាមួយ ប៉ុន្តែបើ​ក្រោយ​ពិនិត្យ​​សាច់​រឿងឃើញថា តួនោះ នាងមិនពេញចិត្តទេ គឺត្រូវបដិសេធហើយ ។ ទោះជានេះក្តី សព្វថ្ងៃតារាសម្តែងដែលកំណត់គោលដៅច្បាស់ ឌុច សោភា បាន និងកំពុងថតរឿងជាបន្តបន្ទាប់ ៕