វៀតណាម៖ ក្រោយបាត់ដំណឹងអស់រយៈពេលជាង ៤០ឆ្នាំមក បុរសពីរនាក់ឪពុកនិងកូន ត្រូវបានអ្នកស្រុករកឃើញនៅក្នុងព្រៃជ្រៅមួយ នៃស្រុក​តាយត្រា ខេត្តខ្វាងងៃ ប្រទេសវៀតណាម ។ បុរសទាំង២នាក់ឪពុកនិងកូន ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណថា ជាជនជាតិវៀតណាមឈ្មោះ ហូ វ៉ាន់ឡាញ់ (Ho Van Lanh) រួមជាមួយនឹងឪពុករបស់គាត់ម្នាក់ទៀតឈ្មោះ ហូ វ៉ាន់ថាញ់ (Ho Van Thanh) អាយុ៨៥ឆ្នាំ បានចំណាយ​ពេលរស់​នៅក្នុង​ព្រៃហូប​តែសាច់​សត្វដុត និងផ្លែឈើ អស់រយៈពេលជាង ៤១ឆ្នាំ ដោយសារតែសង្គ្រាមយង់ឃ្នងជាយូរណាស់មកហើយ ។

ជុំវិញរឿងនេះ លោកតា ហូ វ៉ាន់ថាញ់ ដែល​ជាឪពុក​នោះ បានរៀបរាប់ថា  កាលពីដើម លោកតាមានគ្រួសាររស់នៅស្រុកត្រាកេម ប្រទេសវៀតណាម ប៉ុន្តែជាអកុសលមានថ្ងៃមួយនោះ ប្រពន្ធរបស់គាត់ និងកូនប្រុស ២នាក់ទៀត ត្រូវបានស្លាប់ដោយសារផ្ទុះមីន ធ្វើឲ្យរូបគាត់ រន្ធត់ក្នុងចិត្តជាខ្លាំង ហើយក៏បានសម្រចចិត្តរត់ ដោយនាំយកកូនប្រុស ដែល​មាន​អាយុ ទើបតែ២ឆ្នាំម្នាក់ទៀត គឺលោក ហូ វ៉ាន់ឡាញ់ នេះឯង ទៅរស់នៅក្នុងព្រៃតែម្តង ជាហេតុធ្វើឲ្យបងប្អូនសាច់ញាតិ និងអ្នកជិតខាង បាត់ដំ​ណឹង​របស់​គាត់សូន្យ​ឈឹង ដោយមិនអាចទាក់ទងបានឡើយ៕