ភ្នំពេញ៖ បន្ទាប់ពីក្រសួងព័ត៌មាន បានចេញលិខិតហាមមិនឲ្យចាក់ផ្សាយបទ «គ្រូបង្រៀនស្រវឹងស្រា» ។ កាលពីយប់ម្សិលមិញថ្ងៃទី២០ ធ្នូ តារាចម្រៀងសំឡេងស្អក ខេម បានបង្ហោះសារពាក់ព័ន្ធរឿងនេះលើបណ្តាញសង្គមហ្វេសប៊ុកថា «អង្គុយគិតទៅគិតមក ដូចជាមិនយល់សោះ ច្រៀងរឿងពិតជួយដល់សង្គមខុស តែបើច្រៀងរឿងបំពុលសង្គមវិញមិនខុស ហើយល្បីទៀត»។ លោកពោលបន្តទាំងហួសចិត្តថា «ដូចជាវ៉ល់ៗ ម៉េចទេ តើនេះជាសម័យអីទៅ» ។

ក្នុងសារនោះ តារាចម្រៀង ខេម ចង់សំដៅថា បទចម្រៀង គ្រូបង្រៀនស្រវឹងស្រា វាស្តែងឡើងពីរឿងពិត​របស់គ្រូបង្រៀនមួយចំនួន ហើយទោះបីជាគ្រូបង្រៀនស្រវឹងយ៉ាងណាក្តី ក៏មិនភ្លេចតួនាទីដែរ ពោលគឺនៅតែទៅបង្រៀនដើម្បីអនាគតក្មេង ។ ជាមួយគ្នានោះលោកក៏បានប្រៀបធៀបបទ «គ្រូបង្រៀនស្រវឹងស្រា» នឹងបទចម្រៀងមួយចំនួន ដែលមានសភាពរឡេរឡូថា ច្រៀងឡើងគ្មានន័យខ្លឹមសារ តែបែរជា​ល្បី និងគ្មានក្រសួងណារករឿងទៀតផង។ ទោះជាយ៉ាងណា សារមួយនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមែនទែន និងថែមទាំងសរសើរលោក ខេម ថាហ៊ាននិយាយចំៗ ពាក់ព័ន្ធរឿងពិតក្នុងសង្គម ៕