ឧត្តរមានជ័យ៖ ករណីផ្ទុះក្បាលគ្រាប់៦០ នៅកន្លែងដុតគំនរឈើ បណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់ក្នុងនោះមានស្រី ៣នាក់ នៅខាងក្រោយសាលាបឋមសិក្សា ហ៊ុនសែនអន្លង់វែង ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៧ ។ បច្ចុបន្ន ជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកអន្លងវែង។

គួរបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ ក្នុងនោះមាន ៣នាក់ជាសិស្ស និងម្នាក់ទៀតជាគ្រូបង្រៀនថ្នាក់ទី៣។ ដើមចមនៃហេតុការណ៍នេះ គឺអ្នកទាំង៤ គ្រូនិងសិស្សនាំគ្នា ប្រមូលសម្រាមដុតចោល ហើយឆ្លៀតអាំងភ្លើងមុនពេលចូលបង្រៀននិងចូលរៀន ព្រោះរងាពេក ស្រាប់តែអាំងភ្លើងមិនទាន់បានប៉ុន្មានផង ក៏ផ្ទុះក្បាលគ្រាប់នេះ​ឡើង បណ្តាលឲ្យរបួសគ្រប់ៗគ្នាតែម្តងទៅ ៕