ភ្នំពេញ៖ ក្រោយរឿងរ៉ាវស្នេហា នីឡា និងគូដណ្តឹង រកាំរកូសរហូតដល់ត្រូវចែកផ្លូវគ្នា។ ព្រឹកមិញនេះ ឪពុកបង្កើត នីឡា គឺលោក សុវណ្ណ រិទ្ធី ហៅតា វិចទ័រ បានបង្ហោះសារពាក់ព័ន្ធរឿងកូនចែកផ្លូវគ្នាថា «ចង្កៀងផ្ទះអ្នកណា ភ្លឺនៅផ្ទះអ្នកហ្នឹង» ។ ក្នុងន័យនេះ លោកតា វិចទ័រ ចង់សំដៅថា យើងមិនអាចមើលឃើញស្ថានភាពផ្ទៃក្នុងរបស់គ្រួសារគេទេ ហើយបើអ្នកមើលឃើញ ក៏ឃើញមិនច្បាស់ដែរ ។ នៅពីក្រោយរឿងនីមួយៗសុទ្ធតែមានហេតុនិងផល ហើយហេតុនោះទៀតសោត ពេលខ្លះអាចនិយាយបាន ខ្លះទៀតមិនអាចនិយាយបានឡើយ ។
ក្នុងសារដដែលនោះ លោកតា វិចទ័រ បានគូសបញ្ជាក់ថា «សុភមង្គល នៃគ្រួសារមួយ ប្រៀបដូច ជាពន្លឺចង្កៀងប្រេងកាតអញ្ចឹងដែរ បើនៅផ្ទះណា ភ្លឺផ្ទះនោះ ហើយកាលណាបើគ្មានខ្យល់បក់ វាផ្តល់នូវពន្លឺខ្លាំង តែបើមានខ្យល់បក់ គឺវាមិនសូវភ្លឺទេ ជួនកាលក៏រលត់ ហើយងងឹតពេញផ្ទះ»។ ទន្ទឹមនោះ លោកតា វិចទ័រ សរបញ្ជាក់ឲ្យឃើញថា រឿងរ៉ាវចែកផ្លូវគ្នារបស់កូន នីឡា នៅមានអាទិកំបាំងជាច្រើនទៀតនៅពីក្រោយ ដោយលោកតាមិនអាចនិយាយបានទេ ៕
