ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង និងសម្ដែងស្រី និយមការស្លៀកពាក់សិចស៊ី វណ្ណ វល័ក្ខ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Rathana Plaza » បានរិះគន់នាង​ចំៗ​ថា​ «ឫកចឹងខ្ញុំលែងគាំទ្រ ហើយមិនទាន់ល្បីផងឫកប៉ុណ្ណឹងហើយ! ក្នុងនាមខ្ញុំជាអ្នកគាំទ្រអ្នកសិល្បៈមិនចូលចិត្តតារាបែបនេះទេ»។​

ភ្លាមៗនោះតារាស្រី វណ្ណ វល័ក្ខ មិនបង្អង់យូរឡើយ ក៏បញ្ចេញប្រតិកម្មភ្លាមៗតែម្ដង ដោយនាងបានបង្ហោះសារមួយប្រយោគនៅលើគណនីហ្វេសប៊ុកតបវិញថា «ខ្ញុំស្អប់បំផុតពាក្យថា ឫក ខ្ញុំមិនមែនទំនេរទេ ខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើ! មុខនឹងនិយាយថាខ្ញុំឫក តើខ្ញុំទៅធ្វើអីដាក់អ្នកឯងខ្លះ ឬ ក៏អ្នកឯងឆាតមកខ្ញុំម្ដង ខ្ញុំរវល់មិនបានចូលមើលនឹងឆ្លងឆ្លើយជាមួយអ្នកឯង បានជាអ្នកឯងថាខ្ញុំឫក?»។​​

ក្នុងសារដដែលនោះ នាងបន្តថា «បើខ្ញុំឃើញហើយចូលមើលឆាតដែលអ្នកឯងឆាតមកហើយខ្ញុំមិនឆ្លើយនឹងគឺត្រូវហើយដែលថាឫកនោះ ព្រោះខ្ញុំតែម្នាក់មិនអាចបំពេញចិត្តមនុស្ស ១០០នាក់បានទេ» ។ ក្រោយពីលេងសារក្តៅស្លឹកត្រចៀក តារាសម្តែងសិចស៊ី រូបនេះ បានងាកមកសុំទោសពុកម៉ែបងប្អូន និងអ្នកទាំងអស់គ្នា ក្រែងនាងនិយាយទៅរាងធ្ងន់ ឬខុសត្រង់ប្រការណាមួយជាយថាហេតុ៕