ភ្នំពេញ៖ លោកយាយ ស៊ិន សាម៉ាដឹកឆូ វ័យ គ្រូធំបង្ហាត់របាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់ជាដៃគូចម្រៀងមហោរី និងល្ខោនហ្លួង ឬរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ ដែលមានប្រគំតែនៅព្រះបរមរាជវាំងតែប៉ុណ្ណោះក្នុងសម័យសង្គមរាស្ត្រនិយមជាមួយលោក ស៊ីន ស៊ីសាមុត ដែលប្រជាពលរដ្ឋប្រសិទ្ធនាមថា ជាតារាចម្រៀងសំឡេងមាស។ ពេលនេះ អ្នកគ្រូ បានទទួលមរណភាព ក្នុងជន្មាយុ ៧៤ឆ្នាំ នាព្រឹកមិញនេះថ្ងៃទី២២ ធ្នូ ២០១៧ ។

តោះ! ទៅស្វែងយល់ប្រវត្តិសិល្បៈរបស់អ្នកគ្រូ ស៊ិន សាម៉ាដឹកឆូ ដែលអ្នកគ្រូ ឆូ បានបង្ហើបប្រាប់ពីដំណើរជីវិតលើវិថីសិល្បៈបុរាណនេះថា ដោយមានឈាមជ័រពីម្ដាយជាអ្នករបាំព្រះរាជទ្រព្យ អ្នកគ្រូចាប់រៀនរបាំ និងរៀនច្រៀងតាំងតែពីកុមារភាពមកម៉្លេះ ហើយគាត់រស់នៅតែជាមួយរបាំរហូតមកពេលនេះ។ អ្នកគ្រូ ឆូ បានបន្តថា កាលគាត់នៅក្មេង អ្នកគ្រូចង់រៀនអក្សរខ្មែរដូចគេដូចឯងណាស់ តែម្តាយមិនអនុញ្ញាត និងបានវាយដំនៅពេលអ្នកគ្រូលួចទៅរៀនអក្សរជាមួយកូនគេដទៃ។ អ្នកគ្រូ បានបន្ថែមថា៖ «ខ្ញុំលួចទៅរៀនអក្សរ ពីព្រោះខ្ញុំចង់ចេះចង់ដឹងនឹងគេ តែម្តាយមិនព្រមគាត់ក៏វាយខ្ញុំ។ ដល់ខ្ញុំនៅតែឆ្លៀតទៅរៀន គាត់ក៏កោរសក់ខ្ញុំមួយចំហៀងក្បាលឲ្យខ្ញុំខ្មាសគេឈប់ទៅរៀន តែសំណាងល្អដែលបានព្រះករុណាទ្រង់មានព្រះទ័យករុណា ទ្រង់ក៏ជួលគ្រូមកបង្រៀនអក្សរខ្ញុំដល់ព្រះរាជវាំង»។ គួរបញ្ជាក់ថា ក្នុងសម័យនោះស្ត្រីមិនត្រូវបានលើកទឹកចិត្តឲ្យរៀន អក្សរឡើយ។ អ្នកគ្រូមិនត្រឹមតែបានរៀនអក្សរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរៀននូវចំណេះវិជ្ជាជាច្រើនទៀត ដូចជាគុនដំបង តេក្វាន់ដូ យូដូ ការ៉ាតេដូ និងមានទេពកោសល្យក្នុងការដាំស្លព្រះស្ងោយថ្វាយព្រះមហាក្សត្រដោយផ្ទាល់ទៀតផង។ អ្នកគ្រូ ឆូ រៀបរាប់ថា៖ «អ្នកធម្មតា មិនដឹងទេថា ខ្ញុំចេះអ្វីទេ ពីព្រោះម្នាក់ៗចូលចិត្តលាក់តម្រិះខ្លួនណាស់ខ្ញុំក៏មិនដែលប្រាប់គេដែរ ហើយតែងតែលួចហាត់គុនទាំងនេះដោយសម្ងាត់ម្នាក់ឯងជាមួយលោកគ្រូធំៗ ដោយមានរៀបបាយសីជូនលោកទាំងអស់»។

លុះដល់វ័យ ១៣ឆ្នាំ អ្នកគ្រូក៏ចាប់ផ្តើមឡើងសម្តែងរបាំថ្វាយព្រះមហាក្សត្រ ក៏ដូចមន្ត្រីជាន់ខ្ពស់ក្នុងកម្មវិធីធំៗក្នុងព្រះបរមរាជវាំង ហើយក៏ត្រូវបានព្រះមហាក្សត្រទ្រង់សព្វព្រះទ័យរហូតមក និងតែងនាំក្រុមរបាំរបស់អ្នកគ្រូ ក៏ដូចជាតន្ត្រីករ និងសិល្បករល្បីៗដែលមានលោក ស៊ីន ស៊ីសាមុត ជាដើមហែហមដំណើរ និងសម្តែងថ្វាយ ក៏ដូចជាផ្សាយពីវប្បធម៌ខ្មែរម្តង ១០ ប្រទេសក្នុងអាស៊ីនិងអឺរ៉ុប ជាច្រើនដងក្នុងសម័យសង្គមរាស្ត្រនិយមរបស់ព្រះអង្គ។ អ្នកគ្រូបានផ្ដល់ការណែនាំដល់អ្នកចង់រៀនរបាំបុរាណថា៖ «រៀនរបាំខ្មែរ ត្រូវតែមានការអត់ធ្មត់ និងទេពកោសល្យ ហើយការច្រៀងចម្រៀងរបាំក៏ត្រូវតែមានក្បួនខ្នាតច្បាស់លាស់ និងសំឡេងល្អផងដែរ»។ អ្នកគ្រូ បានលើកឡើងថា ទោះបីជានៅក្នុងរបាំធម្មតា ដូចជា រាំវង់ ឬរាំក្បាច់យ៉ាងណាក៏ដោយ ក៏ត្រូវតែមានក្បួនខ្នាតត្រឹមត្រូវដែរ ទើបបង្ហាញពីកិត្តិយសរបស់ជាតិ។ អ្នកគ្រូ ឆូ បានបន្ដទាំងទឹកមុខសើចញឹមៗថា៖ «ដល់សម័យនេះក្មេងៗភាគច្រើនមិនចេះរាំរបាំខ្មែរទេ ហើយបទរាំវង់ម្តងៗ ហុយតែដី អត់ក្បាច់អត់ក្បួនអ្វីទេ។ គួរឲ្យសោកស្តាយណាស់ ខ្ញុំអាយុកាន់តែច្រើន កម្លាំងកាន់តែខ្សោយ សំឡេងលែងពីរោះ គ្មានលទ្ធភាពបានអប់រំថែរក្សា សិល្បៈរបាំខ្មែរបានយូរទៀតទេ មានតែក្មេង ជំនាន់ក្រោយប៉ុណ្ណោះដែលជាទីពឹង។ បើមិនខំនាំគ្នាថែរក្សាទេ ថ្ងៃក្រោយច្បាស់ជាបាត់បង់ ហើយជាតិដទៃច្បាស់ជាមានឱកាសបំភ្លៃថា របាំខ្មែរជារបស់គេមិនខាន»។ ពីមួយឆ្នាំទៅមួយឆ្នាំរាងកាយកាន់តែទ្រុឌទ្រោម ស្ដ្រីវ័យក្បែរ ៧៥ឆ្នាំ រូបនេះ បានធ្លាក់ខ្លួនឈឺពិការជើង ដើរលែងរួចហើយ ប៉ុន្ដែអ្នកគ្រូនៅតែមានឆន្ទៈចង់លើកស្ទួយវិស័យសិល្បៈបុរាណមួយនេះ ឲ្យស្ថិតនៅគង់វង្សដល់ក្មេងជំនាន់ក្រោយៗទៀត ដោយបានលើកឡើងថា៖ «សព្វថ្ងៃបើខ្ញុំមិនធ្លាក់ខ្លួនឈឺដើរលែងរួចក៏ខ្ញុំមិនដែលចោលកន្លែងបង្រៀនរបាំទេ»។ ជាចុងក្រោយអ្នកគ្រូ សាម៉ាដឹកឆូ សាស្ត្រាចារ្យរបាំខ្មែរ និងជាសិល្បការិនីឆ្នើមម្នាក់ដែរក្នុង ឆ្នាំ១៩៦០ បានសូមពរជ័យថា៖ «សូមឲ្យដួងព្រលឹងព្រះវរមហាក្សត្រខ្មែរតាមថែរក្សាកូនចៅ សូមឲ្យខ្មែរស្រឡាញ់ខ្មែរ ស្រឡាញ់វប្បធម៌ខ្មែរ និងថែសិល្បៈខ្មែរ»៕