ភ្នំពេញ៖ ស្បែកមុខជ្រៀវជ្រួញ សក់ក៏ស្កូវព្រោង ស្រ្តីវ័យ៦៥ឆ្នាំ ជៀប ម៉ុន ត្រូវបានកំលាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជាមួយនឹងគ្រឿងញៀនចំនួន៣កញ្ចប់តូច។ តែអ្វីដែលគួរអាសូនោះ គឺគាត់បានសារភាពថា រកដើម្បីចិញ្ចឹមជីវិត។
ការឃាត់ខ្លួននេះ ត្រូវបានកំលាំងសមត្ថកិច្ចបង្ហាញថា ឃាត់នៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ សាកសួររួចបន្តទៅតាមចាប់ជនសង្ស័យ២នាក់ទៀត នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ស្ថិតក្នុងបន្ទប់សាកសួរពីសមត្ថកិច្ចនោះ លោកយាយ វ័យ៦៥ឆ្នាំ បានប្រាប់ថា «ខ្ញុំបានទិញមកពីតំបន់ភូមិថ្មគោល សង្កាត់ចោមចៅ២ ដើម្បីយកទៅលក់បន្ត គ្រាន់បានកម្រៃ ចិញ្ចឹមជីវិត»។
