ខេត្តឧត្តរមានជ័យ ៖ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានហេតុការណ៍មួយបានកើតឡើងធ្វើឲ្យអ្នកភូមិជាច្រើននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញកូនគោចម្លែកកើតមកជាប់គ្នាមានក្បាល២ ជើង៨ កន្ទុយ២ ។

ដោយយោងតាមសម្តីអ្នកម្ចាស់គោឈ្មោះ ប្រាក់ ហៀន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ខាងលើបានរៀបរាប់ថា «រូបគាត់បានចិញ្ចិមសត្វគោញី៣ក្បាល គោឈ្មោល៤ក្បាល និងកូនគោតូចៗ៣ក្បាលទៀត ដោយឡែកមេគោដែលកើតកូនចម្លែកនេះ បានកើតកូនចំនួន២ដងមកហើយ»។

ម្ចាស់គោដដែលនោះបន្តទៀតថា «តែលើកទី៣នេះ ក៏កើតកូនចម្លែកបែបនេះ ហើយក៏អ្នកភូមិបាននាំគ្នាភ្ញាក់ផ្អើលមកចោមរោមមើលយ៉ាងភ្លូកទឹកភ្លូកដី និងដុតធូកបួងសួងសុំសេចក្តីសុខសប្បាយ ប៉ុន្តែអកុសលក្រោយមកកូនគោដែលកើតមកនេះបានតែ៣ម៉ោងប៉ុណ្ណោះ ក៏បានស្លាប់ទៅវិញ»។ គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី២០ ធ្នូ សពកូនគោត្រូវបានបញ្ចុះ ដោយមានតាអាចារ្យ យាយជី តាជី ចូលរួមដើម្បីបង្គ្រប់កិច្ចផងដែរ៕