ភ្នំពេញ៖ ស្រ្តីជាអ្នកលាងចានតាមរោង​ការឈ្មោះ ឈុន មុំសុខស៊ីវុធ្ថា អាយុ ២៧ឆ្នាំ បាត់ខ្លួនមួយថ្ងៃ​ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ នៅក្បែរផ្លូវរទេះភ្លើងជិតដើមត្រសេក បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចជាប់ផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ ក្រុមទី៧ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជុំវិញរឿងនេះ អ្នកស្រី ថោង ប៊ុណា អាយុ ៤៥ឆ្នាំ ជាអ្នកធ្វើធៀបការ ស្នាក់នៅជាមួយជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពី​វេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ស្ត្រីរងគ្រោះ បានចេញទៅលាងចាន នៅតាមរោងការជាមួយ​គេដូចរាល់ដង ។ លុះដល់ម៉ោង១១យប់ នារីរងគ្រោះបាន​ទូរស័ព្ទមកកូនស្រីរបស់គាត់ តែកូនរបស់គាត់មិនបានលើកទូរស័ព្ទ ហើយមួយស្ទុះក្រោយមក កូនស្រីរបស់គាត់ក៏បានទូរស័ព្ទទៅស្ត្រីគ្រោះវិញ តែទូរស័ព្ទមិនចូលសោះ ហើយគាត់និងកូនៗក៏បាននាំគ្នាបិទទ្វារសម្រាកទៅ។

លុះដល់ល្ងាចថ្ងៃទី២២ មានអ្នកជិតខាងម្នាក់ បានមកប្រាប់ថា កាលពីម៉ោង១១យប់ថ្ងៃទី២១ គេបានឮសម្លេងស្រែកឱ្យជួយ ចេញមកពីម្តុំកន្លែងកើតហេតុ ដែលនៅក្បែរផ្ទះនារីរងគ្រោះស្នាក់នៅ ពេលឮដូច្នេះ អ្នកស្រី ថោង ប៊ុណា ក៏ចាប់ផ្តើមសង្ស័យ ហើយក៏បានដើរទៅមើលនៅម្តុំៗនោះ ស្រាប់តែប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយ នៅខាងក្រោមកាំជណ្តើរផ្ទះរបស់គេ ដែលបានរុះចោលយូរមកហើយ នៅជាប់ដើមត្រសេក​ជិតផ្លូវរថភ្លើងគួរឱ្យអណោចអាធ័ម ​គាត់ក៏ឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ។ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចសន្និដ្ឋានដំបូង​ថាជាករណីឃាតកម្មរំលោភសម្លាប់។ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ យកទៅដាក់ទោសទៅតាមផ្លូវច្បាប់ ៕