ភ្នំពេញ៖ យុវជនសម្បូរស្នេហ៍ ប្រែអស់លក្ខណ៍ ត្រូវបានកំលាំងសមត្ថកិច្ច ចាប់វាយខ្នោះ កាលពីរសៀលម្សិលមិញ ថ្ងៃទី២២ ធ្នូ ២០១៧ នៅម្តុំចោមចៅ​ ពាក់ព័ន្ធរឿងរ៉ាវស្នេហា​ យុវជនម្នាក់បានស្គាល់ ក្មេងស្រី ទើបអាយុ១៤ឆ្នាំ តាមរយៈលេខទូរស័ព្ទ បានទាក់ទងគ្នាសុំស្នេហ៍ សុំស្រឡាញ់ ​រាប់ជាសង្សារ ហើយនាំគ្នាទៅស៊ីស៊ុបចង្កាក់ រហូតដើរលេង ដល់កោះពេជ ល្បួងលួងនាង ចូលផ្ទះសំណាក់រួមរ័ក្ស​បាន២ដង ។ ក្រោយមក ក្មេងស្រី វ័យ ១៤ឆ្នាំ ខឹងប្រុស្នេហ៍និយាយបរិហាកេរ្ត៍ ក៏ប្តឹងសមត្ថកិច្ច​ឃាត់ខ្លួន ។ ជនជាប់ចោទ មានឈ្មោះ ឈុន ប៊ុនឈូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកនារីរងគ្រោះ មានឈ្មោះ អៃ ស្រីលាប ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ​មានស្រុកកំណើត នៅសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ​។

តាមនគរបាល បានឲ្យដឹងថា ជនសង្ស័យក្រោយពី ស្គាល់លេខទូរស័ព្ទក្មេងស្រីហើយ ព្យាយាមនិយាយលេង លួងលោមសុំស្នេហ៍ សុំរាប់អានធ្វើជាគូ​សង្សារ សារសងសាងស្នេហ៍ នាំឌុបដើរលេង ចូលហូបស៊ុបចង្កាក់ នៅជិតរង្វង់មូលចោមចៅ ហើយបាននាំគ្នា ដើរលេងនៅកោះពេជ រួចត្រឡប់មកវិញ បានល្បួងនាងនាំចូលដេក ផ្ទះសំណាក់ភូមិសុខសាន្ត មួយយប់រួមរ័ក្ស​បានសម្រេច២ដង ខាងស្រីក៏គ្មានបំណង ចង់ប្តឹងផ្តល់អ្វីដែរ តែអ្វីដែលមិននឹកស្មានដល់ ក្រោយពីបានខ្លួនស្រីហើយ ជិតមួយខែ ជនជាប់ចោទ បានដើរនិយាយអួតប្រាប់បងប្រុស របស់​នារី​រងគ្រោះ ទើបលិចឮ ដល់ម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿង បញ្ជូនទៅកាន់ជំនាញ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕