ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា នាយ កុយ បង្ហោះសារព្រួយបារម្ភលើបណ្តាញសង្គមហ្វេសប៊ុក ខ្លាចថ្ងៃអនាគតលោកត្រូវបាត់បង់អាជីពកំប្លែង ខណៈកម្មវិធីទូរទស្សន៍មួយចំនួនដែលលោកកំពុងសម្តែង ត្រូវបានលេចឮថា គ្រោងនឹងបិទជាបន្តបន្ទាប់ ។ ក្នុងសារនោះ តារាកំប្លែងនាយ កុយ បានសរសេរថា «កម្មវិធីកំប្លែងបន្តិចទៀតចប់ហើយបងប្អូន នៅសល់តែដន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មុនស្នេហ៍សំនៀងជិតបិទទៀត»។
ម្ល៉ោះហើយ បានជានាយ កុយ ទទូចសុំបងប្អូនថា «សូមបងប្អូនកុំភ្លេចមុខខ្ញុំ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែរឲ្យខ្ញុំផង» ។ ទោះបីជាកម្មវិធីទាំងនោះ ត្រូវបិទក៏ដោយ ក៏អ្នកគាំទ្រនៅសង្ឃឹមថា នាយ កុយ នៅតែមានកម្មវិធីផ្សេងៗទៀតសម្រាប់សម្តែងដដែល ព្រោះលោកជាតារាកំប្លែងដែលពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈបានស្គាល់ និងគោរពស្រលាញ់ ៕
