ភ្នំពេញ៖ គ្រប់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់កាកបាទក្រហម។ ជាក់ស្តែងនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនលោកយាយ យឹម សំអឿន អាយុ ៧៥ឆ្នាំ (ជាម្តាយបង្កើតរបស់ លោក អ៊ិត សេដ្ឋា) ដែលមានបន្ទុកត្រូវចិញ្ចឹមចៅកំព្រាទាំង ៣នាក់ ក្នុងវ័យសិក្សា រស់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះលោកយាយ និងចៅៗ ដែលរស់នៅក្នុងស្ថានភាពលំបាកបន្ទាប់ពីបាត់បង់លោក អ៊ិត សេដ្ឋា ដែលជាបង្គោលក្នុងគ្រួសារ។ ជាមួយគ្នានេះ លោកជំទាវ បានជូនពរលោកយាយ មានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់និងភាពកក់ក្តៅដល់ចៅៗ និងសូមផ្តាំផ្ញើដល់ចៅៗទាំង ៣នាក់ ឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង ហើយត្រូវកតញុតាចំពោះលោកយាយ៕
